ភ្នំពេញ៖ បេីយោងតាមការបញ្ជាក់ពីលោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។
លោក គឹម សន្តិភាព បានបញ្ជាក់បន្ថែមថា សេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២១៖
ការអនុវត្តវិធានការច្បាប់មានចំនួន ៤៦ ករណី៖ ១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ៦៣នាក់ (បញ្ជូនទៅតុលាការ) ១នាក់, ២.ឃាត់យានយន្ត (រថយន្ត ១៦គ្រឿង និងម៉ូតូ ១៧គ្រឿង), និង៣.ពិន័យជាប្រាក់ ចំនួន ១៥,២០០,០០០រៀល។
គួរបញ្ជាក់ថា បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះថា៖ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៨,៩៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៩,៤១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៨៨,០៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕
ដោយ៖សហការី