ភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអន្តរាគមន៍ខណ្ឌដូនពេញ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំជាប្រចាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៧យប់ កម្លាំងជំនាញផ្នែក-ប៉ុស្តិ៍នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានសហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ម៉ូតូបំពងសំឡេងស៊ីម៉ាំងប្រែនបានចំនួន១៣គ្រឿង ក្នុងនោះម៉ូតូធំចំនួន១០គ្រឿង និងម៉ូតូតូចចំនួន៣គ្រឿង នៅចំណុចភូមិទី១ ក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញបានឱ្យដឹងថា មានប្រជាពលរដ្ឋជាច្រើនសម្តែងការមិនពេញចិត្តចំពោះក្រុមម៉ូតូធំដែលមានតម្លៃថ្លៃៗ កែច្នៃបំពង់ស៊ឺម៉ាំងឮសំឡេងខ្លាំង បង្កការរំខានយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋធ្វើដំណើរនៅតាមដងផ្លូវ ក៏ដូចជាប្រជាពលរដ្ឋសម្រាកនៅក្នុងផ្ទះនាពេលរាត្រី ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ កន្លងមក កងកម្លាំងសមត្ថកិច្ចជំនាញបានចេញសេចក្ដីប្រកាសណែនាំជាច្រើនដល់ក្រុមម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងឮសំឡេងខ្លាំងទាំងអស់ឱ្យដោះដូរដាក់បំពង់សុីម៉ាំងធម្មតាវិញ ប៉ុន្តែពួកគាត់ហាក់មិនស្តាប់តាមសេចក្តីណែនាំឡើយ គឺនៅតែផ្គើនដដែលៗ ។
លោកទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញបន្តថា នៅយប់ថ្ងៃកើតហេតុ កម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញល្បាតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមកដល់ចំណុចក្នុងតំបន់បឹងកក់ក៏ប្រទះឃើញក្រុមម៉ូតូធំមួយក្រុមមានចំនួន១៣គ្រឿង ក្នុងនោះម៉ូតូធំចំនួន១០គ្រឿង និងម៉ូតូតូចចំនួន០៣គ្រឿង ហើយកែច្នៃបំពង់សុីម៉ាំងឮសំឡេងកងរំពងពេញដងផ្លូវ ក៏សហការជាមួយកម្លាំងអន្តរាគមន៍ខណ្ឌដូនពេញ ឃាត់នាំទៅកាន់អធិការដ្ឋានខណ្ឌដើម្បីដកហូតទុកបណ្តោះអាសន្ន និងឱ្យម្ចាស់ម៉ូតូទៅយកបំពង់សុីម៉ាំងហ្ស៉ីនមកដាក់វិញ និងភ្ជាប់មកជាមួយនូវឯកសារម៉ូតូ ទើបប្រគល់ម៉ូតូឱ្យវិញ និងសូមឲ្យប្រជាពលរដ្ឋទាំងអស់ដែលមានម៉ូតូកែច្នៃបំពង់ស៊ីមាំុងចូលរួមគោរពទៅតាមច្បាប់ចរាចរណ៍ និងចូលរួមកុំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋផងដែរ៕
ដោយ៖ជ្រោយពេជ្រ