ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក៖ សន្តិសុខតាមព្រំដែនដែលមិនទាន់ចាក់វ៉ាក់សាំងនឹងត្រូវបញ្ឈប់ពីការងារ

ចែករំលែក៖

ប្រភពព័ត៌មានបានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាមេរិក លោក Alejandro Mayorkas បានព្រមានថានឹងដកតំណែង បញ្ឈប់ការងារ ប្រសិនបើសន្តិសុខយាមល្បាតតាមព្រំដែនមិនទាន់បានចាក់វ៉ាក់សាំងនោះ។ ការសម្រេចខាងលើ នឹងត្រូវអនុវត្តនៅខែវិច្ឆិកាឆ្នាំ២០២១។
តាមសារព័ត៌មាន The New York Times នៅថ្ងៃទី២៩ ខែកញ្ញា បានផ្សាយថា រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិ លោក Alejandro Mayorkas បានព្រមានបញ្ឈប់ពីការងារដល់សន្តិសុខរូបណាដែលមិនទាន់ចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ គ្រប់ចំនួននោះ។
សកម្មភាពខាងលើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាមេរិក បានទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋទៅលើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបានឡើងគម្រោងបញ្ឈប់ការងារដល់ សន្តិសុខព្រំដែនដែលមិនទាន់បានចាក់វ៉ាក់សាំង ។
តំណាងរាស្ត្រពីររូបមកពីគណបក្ស សាធារណរដ្ឋ គឺលោក Jim Jordan និង Tom McClintock បានថ្កោលទោសយ៉ាងខ្លាំងថា «ពិតជារឿងមិនគួរឲ្យជឿដែលរដ្ឋាភិបាលរបស់ប្រធានាធិបតី បៃឌិនអនុញ្ញាតឱ្យជនភៀសខ្លួនវិជ្ជមានកូវីដ-១៩ឆ្លងដែនចូលក្នុងទឹកដីអាមេរិក ប៉ុន្តែបែរជាបញ្ឈប់ការងារបុគ្គលិកសន្តិសុខដែលមិនចាក់វ៉ាក់សាំងទៅវិញ»។
សារព័ត៌មាន RT បានផ្សាយថា ក្រុមជនភៀសខ្លួនខុសច្បាប់បានចូលក្នុងទឹកដីអាមេរិក ដោយមិនបានចាក់វ៉ាក់សាំងគ្រប់ចំនួននោះឡើយ ។ រដ្ឋមន្ត្រី Mayorkas ក៏បានទទួលស្គាល់ផងដែរថាមានជនអន្តោប្រវេសន៍ប្រមាណ២០% មិនទាន់បានចាក់វ៉ាក់សាំងនោះឡើយ បានឆ្លងព្រំដែនពីប្រទេសម៉ិចស៊ីកូចូលក្នុងទឹកដីអាមេរិក។ ក្រុមសន្តិសុខយាមល្បាតតាមព្រំដែនបានបញ្ជាក់ថា មានជនភៀសខ្លួនរហូតដល់ទៅជាង ២សែននាក់បានព្យាយាមឆ្លងដែនចូលក្នុងទឹកដីអាមេរិកក្នុងខែសីហា ឆ្នាំ២០២១ ។ ក្នុងចំណោមជនភៀសខ្លួនទាំងនោះ មានភាគច្រើនគឺមិនទាន់ចាក់វ៉ាក់សាំងនៅឡើយទេ៕

ដោយ៖ធីរីណា(រូបភាព៖Reuters )


ចែករំលែក៖