ខេត្តបន្ទាយមានជ័យ៖ ទោះកម្លាំងសមត្ថកិច្ចខិតខំការពារទប់ស្កាត់នៅតាមបន្ទាត់ព្រំដែនយ៉ាងណាក៏ដោយជាក់ស្ដែងនគរបាលការពារព្រំដែនគោកប៉ុស្តិ៍សិលាខ្មែរនៃវរសេនាតូចលេខ៩១១ សហការជាមួយ កម្លាំងយោធា និងកម្លាំងប្រជាការពារភូមិសិលាខ្មែរ បានធ្វើការទប់ស្កាត់ ពលករខ្មែរ បម្រុងលួចឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើ នៅប្រទេសថៃ បានចំនួន១៦នាក់ ស្រីចំនួន០៥នាក់នៅវេលាម៉ោង៣និង៣០នាទីទាបភ្លឺថ្ងៃទី៣ខែតុលាឆ្នាំ២០២១ត្រង់ចំណុចព្រំទល់ភូមិសិលាខ្មែរ និងភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។
ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ នឹងអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកវរសេនីយ៍ឯកសូ ចាន់ណារី មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ កម្លាំងប៉ុស្តិ៍ចំនួន០៨នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ប៉ាក់ សារ៉ាត់ នាយប៉ុស្តិ៍បានឃាត់ខ្លួននៅចំណុចខាងលើតែម្ដង។
មន្ត្រីនគរបាលបានប្រាប់ថា ពលករខ្មែរទាំងនោះភាគច្រើនរស់នៅភូមិអូរឬស្សី ភូមិអូនាងសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតនិងមួយផ្នែកទៀតពួកគាត់មកពីខេត្តបាត់ដំបង ដែលជឿលើមេខ្យល់ដើរឃោសនា ដើម្បីចេញទៅបំរើការងារនៅក្រៅប្រទេសក្នុងដំណាក់កាលកូវីដ-១៩ កន្លងមកមេខ្យល់ដែលតែងតែបំផុស ឃោសនាដល់ពលរដ្ឋដើម្បីអូសទាញកម្លាំងពលកម្មទៅក្រៅប្រទេសក្នុងដំណាក់កាលcovid-19ត្រូវសមត្ថកិច្ចជំនាញតាមចាប់យកទៅដាក់ពន្ធនាគារមួយចំនួនផងដែរ។
ពលករទាំងអស់ក្រោយពីសួរនាំតាមនីតិវិធីរួចរាល់ និងទទួលបានបទបញ្ជាពីលោកមេបញ្ជាការ កម្លាំងប៉ុស្តិ៍បានបញ្ជូនពួកគាត់ទាំង១៦នាក់ ទៅកន្លែងពិនិត្យសុខភាពច្រកអូរបីជាន់៕
សូមបងប្អូនចូលរួមអនុវត្ត ៣កុំ ៣ការពារទាំងអស់គ្នាដើម្បីឈានទៅការកាត់ផ្ដាច់ខ្សែសង្វាក់ជម្ងឺដ៏កាចសាហាវទាំងអស់គ្នានៅក្នុងប្រទេកម្ពុជា ធ្វើយ៉ាងណាឲ្យវិស័យសេដ្ឋកិច្ចក្នុងប្រទេសយើងរស់រវើកឡើងវិញ៕
ដោយ ៖ វណ្ណា