ខេត្តតាកែវ៖ ខេត្តតាកែវទទួលបានគម្រោងវិនិយោគមានលក្ខណៈគ្រប់គ្រាន់សរុបចំនួន២៨គម្រោង ជាមួយទុនវិនិយោគសរុបជិត ១៦៩លានដុល្លារអាមេរិក និងបានបង្កើតឱកាសការងារជាច្រើនជូនប្រជាពលរដ្ឋក្នុងស្រុកមានរហូតចំនួន ១២.៣៣៧កន្លែង គិតត្រឹមរហូតមកទល់ដំណាច់ខែកក្កដាឆ្នាំ២០២៦នេះ។
បើផ្អែកតាមរបាយការណ៍បូកសរុបផលការងារវិនិយោគ គម្រោងទាំង ២៨នេះត្រូវបានបែងចែកជាពីរផ្នែកធំៗ ក្នុងនោះរួមមាន៖ គម្រោងចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)មានចំនួន ១១ ក្រុមហ៊ុន និងគម្រោងចុះបញ្ជីនៅអនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ (PMIC)មានចំនួន ១៧ ក្រុមហ៊ុន ។
ជាមួយគ្នានោះដែរ សម្រាប់ទុនវិនិយោគសរុបនៃគម្រោងទាំងអស់មានទំហំទឹកប្រាករហូតដល់១៦៨.៨២៦.៣៧០,៣១ ដុល្លារអាមេរិក ដែលស្តែងឲ្យឃើញយ៉ាងច្បាស់ពីការកើនឡើងនៃទំនុកចិត្តពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ លើសក្តានុពលសេដ្ឋកិច្ច តំបន់ភូមិសាស្ត្រ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តតាកែវ ។
តាមរយៈការហូរចូលនៃគម្រោងវិនិយោគទាំងនេះ ខេត្តតាកែវបានបង្កើតតម្រូវការប្រើប្រាស់ពលកម្មសរុបចំនួន ១២.៣៣៧កន្លែង ដែលជាកត្តាលីករយ៉ាងសំខាន់ក្នុងការកាត់បន្ថយការចំណាកស្រុក បង្កើនប្រាក់ចំណូលគ្រួសារពលរដ្ឋ និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែមានភាពល្អប្រសើរឡើង ។
ផ្អែកលើប្រភេទអាជីវកម្ម និងវិស័យផលិតកម្ម គម្រោងវិនិយោគទាំងនោះ បានផ្តោតលើមុខសញ្ញាឧស្សាហកម្មនិងការកែច្នៃចម្រុះ ក្នុងនោះរួមមានការផលិត និងកាត់ដេរសម្លៀកបំពាក់ កាបូប វ៉ាលិស ស្រោមដៃ និងស្រោមជើង និងការដំឡើងគ្រឿងបង្គុំអេឡិចត្រូនិក បរិក្ខារអគ្គិសនីបំភ្លឺ និងការផលិតបរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយ និងគ្រឿងតុបតែងលម្អជាដើម ។
សូមបញ្ជាក់ផងដែរថា កំណើននៃការចុះបញ្ជីគម្រោងវិនិយោគយ៉ាងគំហុក ក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២៦នេះ គឺជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តតាកែវ ក្រោមការដឹកនាំដ៏វៃឆ្លាតរបស់ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ក្នុងការសម្រួលបរិយាកាសវិនិយោគ ការធានានូវសន្តិសុខ សុវត្ថិភាព និងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាពជូនដល់ដៃគូវិនិយោគិនទាំងអស់ ៕

ដោយ៖តារា
ប្រភពពី៖ មន្ទីរព័ត៌មានខេត្តតាកែវ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច