ព័ត៌មានទាន់ហេតុការណ៍៖

ហង្សក្រហម Liverpool ស្វាគមន៍ម្ចាស់ការពារតំណែងជើងឯក មេឃខៀវ Manchester City ប្រជែងយកលេខ១កំពូលតារាង

ចែករំលែក៖

ក្រុមហង្សក្រហម Liverpool នឹងត្រូវបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់ពួកគេនៅថ្ងៃអាទិត្យនេះនៅកីឡដ្ឋាន Anfieldនៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមម្ចាស់ជើងឯក Manchester City ដែលជាក្រុមខ្លាំងដូចគ្នានៅដំណាក់កាលដំបូងនៃរដូវកាល Premier League ។

ក្រុមម្ចាស់ផ្ទះ Liverpool កំពុងឈរនៅលេខ២លើតារាងដោយមាន១៤ពិន្ទុដែលនាំមុខ១ពិន្ទុលើក្រុម Manchester City បន្ទាប់ពីការប្រកួត៦លើក។ ក្រុមហង្សក្រហម Liverpool ទទួលបាន១ពិន្ទុក្នុងការប្រកួតក្របខ័ណ្ឌ Premier League ចុងក្រោយរបស់ពួកគេក្រោយស្មើ ៣-៣ នៅឯកីឡដ្ឋាន Brentford Community Stadium ទល់នឹងក្រុម Brentford ដោយបន្តរដូវកាលមិនដែលចាញ់របស់ពួកគេក្នុង៦ប្រកួត (ឈ្នះ៤ដង និងស្មើ២ដង)។

ចំណែកក្រុម Manchester City បានទទួលជ័យជម្នះ ១-០ លើក្រុមតោខៀវ Chelsea នៅកីឡដ្ឋាន Stamford Bridge ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ចុងក្រោយរបស់ពួកគេដើម្បីបន្តការប្រកួតមិនដែលចាញ់របស់ពួកគេក្នុង៥ប្រកួត (ឈ្នះ៤ និងស្មើ១)។

នៅពេលដែលក្រុមទាំងពីរជួបគ្នាចុងក្រោយក្នុងការប្រកួតក្របខ័ណ្ឌ Premier League ក្រុម Manchester City បានយកឈ្នះ ៤-១ នៅទឹកដី Anfield កាលពីរដូវកាលមុន។ កីឡាករ Ilkay Gündogan បានជួយ Man City ដោយរកបាន២គ្រាប់ដោយស៊ុតបញ្ចូលទីនៅនាទីទី៤៩ និងនាទីទី៧៣។ រីឯខ្សែប្រយុទ្ធ Raheem Sterling និង Phil Foden ក៏ជាគោលដៅសំខាន់របស់ក្រុមផងដែរ ខណៈដែលខ្សែប្រយុទ្ធ Mohamed Salah របស់ក្រុមហង្សក្រហមរកបានគ្រាប់បាល់ឲ្យហង្សក្រហមនៅនាទីទី៦៣ពីបាល់ពិន័យ១១ម៉ែត្រកាលពីជួបគ្នារដូវកាលមុន។

ក្រុមមេឃខៀវ Manchester City បានយកឈ្នះក្រុមហង្សក្រហម Liverpool ដោយមិនស្គាល់ចាញ់សោះក្នុងការប្រកួត Premier League ៣លើកចុងក្រោយរបស់ពួកគេ (ឈ្នះ២ដង និងស្មើ១ដង)។ ក្រុមហង្សក្រហម Liverpool កំពុងសម្លឹងរកជ័យជម្នះក្នុងលីគជាលើកដំបូងរបស់ពួកគេនៅក្នុងការប្រកួតរវាងក្រុមទាំង២ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩។

រដូវកាលឆ្នាំ២០២១-២០២២ ខ្សែប្រយុទ្ធ Mohamed Salah របស់ក្រុមហង្សក្រហម Liverpool គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្រុមដោយមានគ្រាប់បាល់ចំនួន៥គ្រាប់ដែលដែលកីឡាករូបនេះកំពុងនាំមុខគេក្នុងការគ្រាប់បាល់បានច្រើនជាងគេនៅក្នុងលីគឆ្នាំនេះ។ ចំណែកកីឡាករឈានមុខគេរបស់ក្រុម Manchester City គឺកីឡាករ Gabriel Jesus និង Ferran Torres ដែលម្នាក់ៗរកបាន២គ្រាប់។

ម្ចាស់ផ្ទះ Liverpool មិនស្គាល់ចាញ់សោះនៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League ក្នុងផ្ទះនៅរដូវកាលនេះជាមួយនឹងការឈ្នះ២លើក និងស្មើ១លើកពីការប្រកួត៣លើករបស់ពួកគេនៅលើទឹកដីខ្លួនឯង។ ហង្សក្រហមអាចនឹងបន្តអូសបន្លាយ៧ ប្រកួតក្នុងផ្ទះមិនដែលចាញ់ (ឈ្នះ៥ និងស្មើ២) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមេសាទល់នឹងក្រុម Aston Villa ប្រសិនបើក្រុមនេះស្មើ ឬឈ្នះ Man City នៅរាត្រីនេះ ។

សម្រាប់ការប្រកួតលីគ៦លើកចុងក្រោយរបស់ក្រុមទាំង២គឺក្រុមLiverpool ឈ្នះ៤ និងស្មើ២ ។ ដោយឡែកក្រុម Manchester City បានឈ្នះ៤លើក ស្មើ១លើក និងចាញ់១លើកក្នុងការប្រកួត៦លើកចុងក្រោយរបស់ពួកគេ ៕

ដោយ៖ ភារៈ(ប្រភព+រូបភាព ៖ soccerway.com)


ចែករំលែក៖