ព័ត៌មានទាន់ហេតុការណ៍៖

នាវាផ្ទុកយន្តហោះរបស់អាមេរិក អង់គ្លេស និងជប៉ុនធ្វើសមយុទ្ធក្បែរកោះតៃវ៉ាន់

ចែករំលែក៖

នាវាផ្ទុកយន្តហោះបីគ្រឿងរបស់អាមេរិក អង់គ្លេស និងនាវាផ្ទុកឧទ្ធម្ភាគចក្រមួយគ្រឿងរបស់ជប៉ុន បានចូលរួមធ្វើសមយុទ្ធនៅតំបន់ភាគខាងជើងកោះតែវ៉ាន់ នៅចុងសប្តាហ៍នេះ។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែលកោះតៃវ៉ាន់ប្រកាសថាមានយន្តហោះចម្បាំងរបស់ចិនរហូតដល់ទៅ៩៣គ្រឿង បានហោះហើរ ឆ្លងកាត់ដែនសមុទ្រកោះតៃវ៉ាន់។
កាលពីថ្ងៃទី១ខែតុលា ទីក្រុងប៉េកាំងបានប្រារព្ធទិវាបុណ្យឯករាជ្យ ហើយពេលនោះទាហានកោះតៃវ៉ាន់បានមើលឃើញថាមានយន្តហោះចម្បាំងចិនដល់ទៅ៣៨គ្រឿងចូលដែនអាកាសគ្រប់គ្រងរបស់តៃវ៉ាន់។ មួយថ្ងៃក្រោយមក ចិនក៏បានបញ្ជូនយន្តហោះចម្បាំងដល់ទៅ ៣៩គ្រឿងបន្ថែមទៀតចូលដែនអាកាសកោះតៃវ៉ាន់ ។
នៅថ្ងៃទី៣ខែតុលា យន្តហោះចម្បាំងរបស់ចិន១៦គ្រឿងផងដែរ បានចូលដែនអាកាសរបស់កោះតៃវ៉ាន់។ ដូច្នេះក្នុងរយៈពេល៣ថ្ងៃកន្លងមក មានយន្តហោះចម្បាំងរបស់ចិនរហូតដល់ទៅ៩៣គ្រឿង ហោះហើរចូលដែនអាកាសតៃវ៉ាន់ ក្នុងរយៈពេល៣ថ្ងៃដើមខែតុលានេះ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានប្រកាសថា អាមេរិកពិតជាបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពឌឺដង របស់ចិននៅតំបន់សមុទ្រកោះតៃវ៉ាន់។ លោក Ned Price បានបញ្ជាក់ថា សកម្មភាពខាងលើរបស់ចិនអាចបង្កឲ្យមានអំពើហិង្សា បំផ្លាញសន្តិភាព ស្ថិរភាពក្នុងតំបន់។
កាលពីថ្ងៃទី៤ខែតុលា កម្លាំងការពារដែនសមុទ្រជប៉ុន JMSDF បានប្រកាសថា នៅថ្ងៃសៅនិងថ្ងៃអាទិត្យ នាវាផ្ទុកយន្តហោះ USS Ronald Reagan (CVN-76), USS Carl Vinson (CVN-70), HMS Queen Elizabeth (R08)និងនាវាផ្ទុកឧទ្ធម្ភាគចក្ររបស់ជប៉ុន JS Ise (DDH-182) នឹងចូលរួមធ្វើសមយុទ្ធនៅតំបន់សមុទ្រភាគខាងត្បូងកោះអូគីណាវ៉ា ។
គោលដៅនៃការធ្វើសមយុទ្ធនោះគឺមិនសំដៅទៅលើប្រទេសចិននោះឡើយ។ ប៉ុន្តែមានសារព័ត៌មានជាច្រើនរបស់ជប៉ុនបានប្រកាសថា សកម្មភាពខាងលើគឺដើម្បីទប់ទល់ការគំរាមកំហែង ក្អេងក្អាងរបស់ចិន នៅតំបន់សមុទ្រ ៕ដោយ៖ធីរីណា

រូបភាព៖JMSDF


ចែករំលែក៖