ព័ត៌មានទាន់ហេតុការណ៍៖

ពលករ១២នាក់បម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ពលករចំនួន ១២នាក់ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ត្រូវបានកម្លាំងវរសេនាតូចថ្មេីរជេីងលេខ៥១៣-៥១៤ សហការជាមួយកម្លាំងចម្រុះឃាត់ខ្លួននៅពីរគោលដៅផ្សេងគ្នា។

គោលដៅទី១ ពលករចំនួន៦នាក់ក្នុងនោះមានស្រី២នាក់ ដែលបម្រុងឆ្លងដែនចូលទៅប្រទេសថៃ នៅវេលាម៉ោង៣:៥០នាទីទាបភ្លឺ ពួកគាត់បានវង្វេងផ្លូវរួចក៏បានចូលមកសារភាពជាមួយកម្លាំងវរសេនាតូចថ្មេីរជេីងលេខ៥១៣ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយ អង្គភាពបានប្រគល់ឱ្យនគរបាលព្រំដែនគោកដើម្បីបញ្ជូនទៅមណ្ឌលចត្តាឡីស័ក។ 

គោលដៅទី២ កម្លាំងវរសេនាតូចថ្មេីរជេីងលេខ៥១៤ សហការជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនពលករចំនួន៦នាក់ ស្រី ៣នាក់ ដែលបម្រុងឆ្លងដែនចូលទៅប្រទេសថៃនៅវេលាម៉ោង៣:៣៥នាទីទាបភ្លឺ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (នៅលេីផ្លូវជាតិលេខ៥៨) ហើយអង្គភាពបានប្រគល់ទៅឱ្យក្រុមការងារចម្រុះច្រកអូរបីជាន់ដើម្បីបញ្ជូនទៅមណ្ឌលចត្តាឡីស័ក។

គួរបញ្ជាក់ថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មេីរជេីងលេខ៥១ ឱ្យពង្រឹងការល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍ និងតំបន់ផ្សេងទៀត។

លោកឧត្តមសេនីយ៍ត្រីសឹង្ហ ទុំបានណែនាំដល់បងប្អូនប្រជាពលរដ្ឋកុំឲ្យបន្តចាញ់បោកមេខ្យល់ដែលតែងតែបញ្ចុះបញ្ចូលនាំពលករឆ្លងដែនដោយខុសច្បាប់ ដោយមិនគិតពីសុខសុវត្ថិភាព និងខាតបង់ប្រាក់ជាបន្តបន្ទាប់ ជាពិសេសសូមបន្តចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ ឱ្យបានទាំងអស់គ្នា ដើម្បីគ្រួសារ និងសង្គមជាតិ៕

ដោយ៖ ស សម


ចែករំលែក៖