ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចចក្រី​ ហេង សំរិន​ អបអរសាទរទិវាគ្រូបង្រៀន

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​សម្ដេច​អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ នៅព្រឹកថ្ងៃអង្គារទី​០៥​ ខែតុលា​ ឆ្នាំ​២០២១នេះ​​ថា៖​ ចាប់ពីឆ្នាំ១៩៩៧មក ព្រះរាជាណាចក្រកម្ពុជាយើង​ បានរៀបចំទិវាគ្រូបង្រៀនជារៀងរាល់ឆ្នាំ នៅថ្ងៃទី៥ ខែតុលា ក្នុងគោលបំណងបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីនៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់សិស្សានុសិស្ស  ចំពោះគ្រូបង្រៀននៅទូទាំងប្រទេស។

គ្រូបង្រៀនត្រូវបានចាត់ទុកជាមាតាបិតាទីពីរ ដែលបានផ្តល់ការអប់រំទាំងចំណេះវិជ្ជានិងអត្តចរិតដល់កុលបុត្រកុលធីតារបស់យើងដែលជាទំពាំងស្នងឬស្សី។ ផ្តើមចេញពីការអនុវត្តអ្នកចេះច្រើន បង្រៀនអ្នកចេះតិច និងអ្នកចេះតិច បង្រៀនអ្នកមិនចេះសោះ នៅក្រោយឆ្នាំ១៩៧៩ ដែលយើងបានងើបចេញពីរបបខ្មែរក្រហម ដែលបានបំផ្លាញគ្មានសល់ទំាងធនធានមនុស្សនិងហេដ្ឋាចរនាសម្ព័ន្ធនោះ សង្គមយើងបានកសាងធនធានមនុស្សបានយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ចូលរួម កសាង និងអភិវឌ្ឍប្រទេសជាតិរហូតមកទល់ពេលបច្ចុប្បន្ន។  នេះជាគុណបំណាច់និងការលះបង់យ៉ាងធំធេងមិនអាចកាត់ថ្លៃបានរបស់លោកគ្រូ អ្នកគ្រូ។

នៅឆ្នាំនេះ ទិវាគ្រូបង្រៀន ក្រសួងអប់រំ យុវជននិងកីឡា បានរៀបចំឡើង ក្រោមប្រធានបទ “គ្រូបង្រៀនរក្សាបានតួនាទីសំខាន់ក្នុងការអប់រំគ្រប់កាលៈទេសៈ” បានឆ្លុះបញ្ជំាងកាន់តែច្បាស់ថា ក្នុងកាលៈទេសៈណាក៏ដោយ ពិសេសនៅពេលវិបត្តិជំងឺកូវីដ-១៩ បានរាតត្បាតនេះ លោកគ្រូអ្នកគ្រូ បានខិតខំ អំណត់ព្យាយាម សិក្សាស្វែងយល់ពីបច្ចេកវិទ្យាដោយខ្លួនឯងផង បង្រៀនសិស្សានុសិស្សតាមអនឡាញដែលជាមធ្យោសិក្សាថ្មីផង ដើម្បីធ្វើយ៉ាងណាឲ្យកូនចៅរបស់យើងទាំងអស់គ្នាទទួលបានការអប់រំ នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង។

រដ្ឋសភានិងរាជរដ្ឋាភិបាបានតាក់តែងច្បាប់ និងដាក់ចេញនូវគោលនយោបាយ ក្នុងការលើកកម្ពស់សមត្ថភាពនិងជីវភាពគ្រូបង្រៀន ជាបន្តបន្ទាប់ តាមគ្រប់រូបភាព ដើម្បីផ្តល់ជូនលោកគ្រូអ្នកគ្រូ ទទួលបាននូវលទ្ធភាព សមត្ថភាពក្នុងការផ្ទេរចំណេះដឹងដល់កូនចៅជំនាន់ក្រោយរបស់យើងប្រកបដោយសីលធម៌ និងសមត្ថភាពពេញបរិបូរណ៍ក្លាយជាសសរទ្រូងប្រទេសជាតិទៅថ្ងៃអនាគត។

នៅក្នុងឱកាសទិវាគ្រូបង្រៀនដ៍ថ្លៃថ្លានេះ ខ្ញុំសូមជូនពរលោកគ្រូ អ្នកគ្រូ និងបងប្អូនជនរួមជាតិ បាន ប្រកបដោយពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខ និងពលៈកុំបីឃ្លៀតឃ្លាតឡើយ៕

ដោយ​៖ស​ តារា​


ចែករំលែក៖