ព័ត៌មានទាន់ហេតុការណ៍៖

អូស្ត្រាលីសម្រេចបានគោលដៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជូនពលរដ្ឋបានជាង៨០%ហើយសម្រាប់ដូសទីមួយ

ចែករំលែក៖

នៅថ្ងៃទី៥ខែតុលា ចំនួនពលរដ្ឋអូស្ត្រាលីដែលបានចាក់វ៉ា់ក់សាំង
ដូសទីមួយបានលើសពី៨០%ហើយ ដែលជាក្តីសង្ឃឹមនៅក្នុងការដំណើរការសេដ្ឋកិច្ចឡើងវិញក្នុងប្រទេសនេះក្រោយពេលអូស្ត្រាលី ចាក់វ៉ាក់សាំងជូនពលរដ្ឋគ្រប់ចំនួនពីរដូសបាន៨០%។
ទន្ទឹមនឹងការទទួលបានជោគជ័យនេះ ក៏មានក្រុមមួយចំនួនប្រឆាំងនឹងការចាក់វ៉ាក់សាំងក្នុងប្រទេសអូស្ត្រាលី បានព្យាយាមបង្អាក់សកម្មភាពចាក់វ៉ាក់សាំងដោយនាំគ្នាចុះឈ្មោះ ប៉ុន្តែមិនបានទៅចាក់វ៉ាក់សាំងឡើយ គឺទុកឲ្យវ៉ាក់សាំង ឱ្យផុតកំណត់ប្រើប្រាស់។
នៅក្នុងសេចក្តីប្រកាសនាថ្ងៃទី ៥ខែតុលា រដ្ឋមន្ត្រីក្រសួងសុខាភិបាលអូស្ត្រាលី លោក Greg Hunt បានបញ្ជាក់ថា អូស្ត្រាលីបានសម្រេចគោលដៅចាក់វ៉ាក់សាំងជូនពលរដ្ឋបាន៨០% សម្រាប់ដូសទីមួយ ដល់ក្រុមពលរដ្ឋមានអាយុចាប់ពីអាយុ១៦ឆ្នាំឡើងទៅ ។
រដ្ឋដែលទទួលបានការចាក់វ៉ាក់សាំងច្រើនជាងគេគឺរដ្ឋធានី Canberra មានពលរដ្ឋដល់ទៅ ៩៣,៣%ហើយបានចាក់វ៉ាក់សាំងដូសទីមួយ និងរដ្ឋ NSW មានពលរដ្ឋ៨៨,៥ភាគរយបានចាក់វ៉ាក់សាំង។ រដ្ឋាភិបាលអូស្ត្រាលីបង្ហាញពីក្តីសង្ឃឹមថា ពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទីមួយរួចរាល់ នឹងបន្តចាក់វ៉ាក់សាំងដូសទីពីរ ។ ការចាក់វ៉ាក់សាំងកើនឡើងខ្ពស់លើសពីការរំពឹងទុក គឺជាក្តីសង្ឃឹមរបស់រដ្ឋាភិបាល ក្នុងការបើកដំណើរការសេដ្ឋកិច្ចប្រទេសជាតិឡើងវិញ។
ទន្ទឹមនឹងនោះរដ្ឋម៉ែលបឺន ពលរដ្ឋនៅស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង ដោយមានពលរដ្ឋប្រមាណតែជាង ១៥%ប៉ុណ្ណោះ បានទៅចាក់វ៉ាក់សាំង ។ រដ្ឋាភិបាលអូស្ត្រាលីមានគម្រោងបើកទ្វារសេដ្ឋកិច្ចឡើងវិញ ក្រោយពេលពលរដ្ឋបានចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូស បានលើសពី ៧០%៕ដោយ៖ធីរីណា

រូបភាព៖ Gary Ramag

រូបភាព៖vov

 

 


ចែករំលែក៖