ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តមិនគោរពសិទ្ធិអាទិភាពបុកស្ត្រីចំណាស់ម្នាក់កំពុងជិះម៉ូតូបណ្តាលឱ្យរងរបួសផ្អើលអ្នកដំណើរទាំងក្បាលល្ងាច

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តមិនគោរពសិទ្ធិអាទិភាពទៅបុកស្ត្រីចំណាស់ម្នាក់ដែលកំពុងជិះម៉ូតូស្របទិសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរទាំងក្បាលល្ងាច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣៥នាទីល្ងាចថ្ងៃទី០៤ ខែ តុលា ឆ្នាំ២០២១ ស្ថិតនៅលើផ្លូវលេខ៣១៤ ក្នុងភូមិមេភ្លើង សង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះសោម សាឃឿន អាយុ៥៩ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង បានរងរបួសយ៉ាងដំណំ។

ចំណែកបុរសបង្កហេតុមានឈ្មោះ តាប់ កែវ អាយុ៣៧ឆ្នាំ មុខរបរបើកបរ រស់នៅភូមិត្រាច ឃុំដូនស ស្រុក​ស្វាយជ្រំ ខេត្ត ស្វាយរៀង បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣C- ២០៤៨ ។

តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣C-២០៤៨ លើផ្លូវលេខ៣១៤ក្នុងទិសដៅពីកើតទៅលិច មិនគោរពសិទ្ធិអាទិភាពឡើយ ស្រាប់តែបើកទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដា Wave  ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១L-៨៨៧៤ដែលបើកស្របទិសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរទាំងក្បាលល្ងាច។

ចំពោះមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់។

ចំណែកស្ត្រីដែលរងរបួសត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលបញ្ជាក់ថាមូលហេតុ ដោយសារអ្នកបើកបររថយន្ដមានជាតិស្រវឹង ( ០,៥៦ mg/L)និងមិនគោរពសិទ្ធិអាទិភាព ទើបបណ្ដាលឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងបែបនេះ៕

ដោយ៖យឹម សុថាន


ចែករំលែក៖