ភ្នំពេញ៖ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) លោក ហេង រតនា បានបញ្ជាក់នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅរសៀលថ្ងៃអង្គារទី០៥ ខែតុលា ឆ្នាំ២០២១នេះថា៖ កងកម្លាំងតាលីបង់មិនមែនជាកងកម្លាំងបែបទ័ពព្រៃ(តាមស្រែចម្ការ)ទៀតទេ! ក្រោយសង្គ្រាមរយ:ពេល២០ឆ្នាំ សហរដ្ឋអាមេរិកបានដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន ដោយបានបន្សល់ទុកយុទ្ធោបករណ៍ដ៍ច្រេីនមហិមា ហេីយសម្ភារយុទ្ធោបករណ៍ទាំងនោះបានធ្លាក់ចូលក្នុងដៃពួកតាលីបង់។
អគ្គនាយកស៊ីម៉ាក់រូបនេះ បានឱ្យដឹងទៀតថា អ្នកជំនាញយោធានៃប្រទេសជិតខាងរបស់តាលីបង់ គឺប្រទេសប៉ាគីស្ថាននិងឥណ្ឌា បានសម្តែងនូវការកត់សម្គាល់ថា “សម្ភារយុទ្ធោបករណ៍នៃទ័ពពិសេសតាលីបង់បំពាក់សម្ភារទំនេីបជាងទ័ពពិសេសរបស់ខ្លួន និងព្រួយបារម្ភពីសន្តិសុខក្នុងតំបន់។
រយៈពេល២០ឆ្នាំ ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក និងសម្ពន្ធមិត្តបានខិតខំពង្រឹងសមត្ថភាពរដ្ឋាភិបាលអាហ្វហ្គានីស្ថានតាមទម្រង់នយោបាយរបស់ខ្លួនដែលហៅថាជាប្រទេសអាហ្វហ្គានីស្ថានប្រជាធិបតេយ្យនោះ បែរដូចជាទៅពង្រឹងសមត្ថភាពឱ្យកម្លាំងយោធារបស់ក្រុមតាលីបង់អ៊ីចឹងង! ។ ឥឡូវនេះតាលីបង់បានដឹកនាំប្រទេសហេីយ និងចាប់ផ្តេីមអនុវត្តច្បាប់ផ្ទៃក្នុងប្រទេសតឹងរុឹងដូចជាមិនឱ្យស្ត្រីបម្រើការងារសាធារណ: បុរសហាមកោរពុកមាត់…។
បន្ថែមពីនេះ លោកហេង រតនា សូមអំពាវនាវប្រជាជនកម្ពុជាគ្រប់ៗរូបចូលរួមក្នុងស្មារតីពង្រឹងភាពជាម្ចាស់និងភាពជាដៃគូ មិនមែនដៃគូជាម្ចាស់លេីជោគវាសនាជាតិនិងប្រជាជនកម្ពុជានោះទេ! ។ កម្ពុជាមិនត្រូវស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់រដ្ឋណា ឬក្រុមជនបរទេសណាមួយឡេីយ! អរគុណសន្តិភាព និងរក្សាបានឯករាជ្យភាពកម្ពុជា!៕
ដោយ៖ស តារា