ព័ត៌មានទាន់ហេតុការណ៍៖

ការបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬ លិខិត បញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីណែនាំ ស្ដីពីការបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ ដោយអនុវត្តតាមគោលការណ៍ ដូចខាងក្រោម៖

ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ការអនុវត្តគោលនយោបាយជាតិចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសសម្រេចបានលទ្ធផលល្អប្រសើរ ក្នុងនោះ រាជធានីភ្នំពេញ ត្រូវ បានគេទទួលស្គាល់ថាជាទីក្រុងដែលបានចាក់ស្រោចវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋច្រើន ជាងគេក្នុងពិភពលោក ដែលមានអត្រាគ្របដណ្តប់ស្ទើរតែ ១០០% ទាំងការចាក់ជូនប្រជាពលរដ្ឋដែលមាន អាយុពី ១៨ ឆ្នាំឡើងទៅ និងកុមារ-យុវជនដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ គួបផ្សំជាមួយការ ដាក់ចេញនូវយុទ្ធសាស្ត្រកន្លឹះ និងវិធានការនានាដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល ធ្វើឱ្យការគ្រប់គ្រង ស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ កំពុងឈានទៅរកភាពល្អប្រសើរឡើង។

ក្នុងន័យនេះ ដើម្បីបង្កើនប្រសិទ្ធភាពឱ្យកាន់តែប្រសើរឡើងនូវការគ្រប់គ្រងការរីករាលដាលនៃជំងឺ កូវីដ-១៩ សំដៅបង្កើតឱ្យបាន “ភាពសុំាសហគមន៍រឹងមាំពិតប្រាកដមួយទប់ទល់នឹងជំងឺរាតត្បាតសកលកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី ប្រភេទដែលតា (Delta) ក៏ដូចជាដើម្បីត្រៀមលក្ខណះសម្រាប់ការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ឈានទៅរកការបើកដំណើរការឡើងវិញលើគ្រប់វិស័យ នាពេលឆាប់ៗ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំបន្ថែម ដល់បងប្អូនប្រជាពលរដ្ឋ គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា គណះកម្មការផ្សារ ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ទីតាំង អាជីវករ វិស័យឯកជន និងសាធារណជន ទាំងអស់ ត្រូវមានកាតព្វកិច្ចបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬ បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬ លិខិត បញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ ដោយអនុវត្តតាមគោលការណ៍ ដូចខាងក្រោម ៖

១-បុគ្គលដែលមានអាយុពី ១៨ឆ្នាំឡើងទៅ ត្រូវមានកាតព្វកិច្ចបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ចេញដោយក្រសួងសុខាភិបាល ឬ បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចេញដោយក្រសួង ការពារជាតិ ឬ លិខិតបញ្ជាក់ការចាក់វា៉ក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូលទីតាំង ឬ ទីកន្លែង ដូចជា គ្រឹះស្ថានសិក្សា ផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ និងទីតាំងផ្សេងទៀតដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការ។

២-មាតាបិតា ឬ អាណាព្យាបាលរបស់កុមារ និងយុវវ័យដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ ត្រូវមានកាតព្វកិច្ចបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ចេញដោយក្រសួងសុខាភិបាល ឬ បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចេញដោយក្រសួងការពារជាតិ លិខិតបញ្ជាក់ការចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលនាំយកពួកគេចេញ-ចូលទីតាំង ឬ ទីកន្លែង ដូចជា ផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ និងទីតាំងផ្សេងទៀតដែលត្រូវ បានអនុញ្ញាតឱ្យបើកដំណើរការ។

៣-ចំពោះកុមារដែលមានអាយុក្រោម ៦ឆ្នាំ ដែលមិនទាន់ស្ថិតក្នុងក្រុមគោលដៅ ត្រូវទទួលបានវ៉ាក់សាំង មិនមានកាតព្វកិច្ចបង្ហាញបណ្ណចាក់វ៉ាក់សាំងនោះទេ។

៤- ចំពោះគ្រឹះស្ថានសិក្សា គណៈនាយក ឬគណៈគ្រប់គ្រងត្រូវរៀបចំយន្តការ ដើម្បីត្រួតពិនិត្យ បណ្ណចាក់វ៉ាក់សាំងរបស់សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ និងសិស្ស-និស្សិត ឱ្យបាន ត្រឹមត្រូវមុននឹងអនុញ្ញាតឱ្យចូលសិក្សាក្នុងគ្រឹះស្ថានសិក្សា (សម្រាប់តែមួយលើក ) នឹងត្រូវធ្វើ ការត្រួតពិនិត្យជាប្រចាំចំពោះភ្ញៀវដែលចេញ-ចូលមកទំនាក់ទំនងការងារផ្សេងៗ។

៥– គណៈកម្មការផ្សារ ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ទីតាំង ម្ចាស់ផ្សារឯកជន ម្ចាស់ផ្សារម៉ាត ម្ចាស់ ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វ វិស័យឯកជន និងម្ចាស់ទីតាំងផ្សេងទៀតដែលត្រូវបាន អនុញ្ញាតឱ្យបើកដំណើរការ ចាំបាច់ត្រូវមានកាតព្វកិច្ចចាត់តាំងបុគ្គលិកប្រចាំការនៅមុខច្រកចេញ ចូលទីតាំង ទីកន្លែងរបស់ខ្លួន ដើម្បីធ្វើការត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងតាមគោលការណ៍ ណែនាំខាងលើនេះ ហើយប្រសិនបើមានបុគ្គលណាម្នាក់មិនព្រមសហការបង្ហាញបណ្ណចាក់វ៉ាក់សាំង ដាច់ខាតមិនត្រូវអនុញ្ញាតឱ្យចូលក្នុងទីតាំង ឬ ទីកន្លែងរបស់ខ្លួនឡើយ និងត្រូវរាយការណ៍ទៅ អាជ្ញាធរមូលដ្ឋានដែលនៅក្បែរនោះជាបន្ទាន់។

៦-ចំពោះគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា គណៈកម្មការផ្សារ ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ទីតាំង ម្ចាស់ ផ្សារឯកជន ម្ចាស់ផ្សារម៉ាត ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ វិស័យឯកជន និង ម្ចាស់ទីតាំងផ្សេងទៀតដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការ ប៉ុន្តែ មិនបានអនុវត្តតាម គោលការណ៍ណែនាំខាងលើ ត្រូវប្រឈមមុខនឹងការដកហូតអាជ្ញាបណ្ណ លិខិតអនុញ្ញាត និង អាចឈានទៅបិទទីតាំង ព្រមទាំងត្រូវចាត់វិធានការច្បាប់ ស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

ទទូលបានសេចក្ដីណែនាំនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ ប្រធានមន្ទីរ-អង្គភាព ជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ បងប្អូនប្រជាពលរដ្ឋ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា គណៈកម្មការផ្សារម្ចាស់ អាជីវកម្មដ្ឋាន ម្ចាស់ទីតាំង អាជីវករ វិស័យឯកជន និងសាធារណជន ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវ ចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះ ឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖