ខេត្តសៀមរាប៖ ផ្នែកខ្លះនៃ«ផ្សារបន្ទាយស្រី»ត្រូវបានអនុញ្ញាតឱ្យដំណើរការវិញ តែតម្រូវឱ្យគោរពគោលការណ៍សុវត្ថិភាពតឹងរុឹង ឆ្លាស់វេនគ្នាលក់ និងរក្សាគម្លាតតាមបែបគន្លងថ្មី។ នេះជាថ្លែងរបស់លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុក បន្ទាយស្រី ខេត្តសៀមរាប នៅព្រលប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ។
លោក ឃឹម ហ្វីណង់ បន្តថា, ដោយឡែក អ្នកលក់បន្លែត្រីសាច់នឹងត្រូវបន្តលក់ដូរតាមទម្រង់ផ្សារក្រមួននៅលើទីតាំងបណ្តោះអាសន្នដែលរដ្ឋបាលស្រុកបានរៀបចំជូនរយៈពេល២សប្តាហ៍ទៀតសិន ដើម្បីរំលែកអ្នកលក់ខ្លះចេញមកផ្នែកខាងក្រៅ ទម្រាំដល់មានការប្រាកដក្នុងចិត្តថា ហានិភ័យនៃការឆ្លងនៅក្នុងសហគមន៍អាចគ្រប់គ្រងបានទាំងស្រុង។
ទន្ទឹមនឹងនេះ រដ្ឋបាលស្រុកក៏បាន និងកំពុងធ្វើការជាមួយម្ចាស់ផ្សារ ដើម្បីយកឱកាសដ៏កម្រដែលបានមកពីការបិទផ្សារនេះ កែសម្រួលផ្នែកខ្លះនៃផ្សារឱ្យបានប្រសើរជាងមុន ចាក់សាប បង្កើតជម្រេលរំដោះទឹកភ្លៀង រៀបចំដំបូលឡើងវិញ និងសម្អាតអនាម័យឡើងវិញ ជាពិសេសនៅក្នុងផ្នែកដែលលក់បន្លែត្រីសាច់តែម្តង ដើម្បីធានាឱ្យបានថា បើទោះជាមានករណីផ្ទុះឆ្លងម្តងទៀត ក៏មិនចាំបាច់បិទផ្សារទាំងមូលដែរ។
លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុក បន្ទាយស្រី ខេត្តសៀមរាប បានលើកឡើងថា, ក្នុងនាមរដ្ឋបាលស្រុក ខ្ញុំសូមអរគុណដល់បងប្អូនអាជីវករទាំងអស់ព្រមទាំងម្ចាស់ផ្សារបន្ទាយស្រី ដែលបានចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលស្រុក ក្នុងការកាត់ផ្តាច់ខ្សែចម្លងនៅក្នុងសហគមន៍ ធ្វើឱ្យចំនួនឆ្លងធ្លាក់ចុះមកដល់ចំណុចសូន្យភ្លាមៗ បន្ទាប់ពីមានការផ្ទុះឆ្លងនៅក្នុងផ្សាររហូតដល់ទៅ៥៧នាក់៕
ដោយ ៖ សិលា