ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិន២នាក់ដើរតាមផ្លូវសុខៗត្រូវជនសង្ស័យជាច្រើននាក់ដេញវាយនិងកាប់ផ្អើលដល់អ្នកភូមិទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនរងគ្រោះជាជនជាតិចិន២នាក់បានរងរបួសធ្ងន់និងស្រាលបន្ទាប់ពីដើរតាមផ្លូវសុខៗត្រូវជនមិនស្គាល់មុខជាច្រើននាក់ជិះម៉ូតូមកឈប់ក្បែររួចហើយដេញកាប់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងយប់អធ្រាត្រ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៤ខែតុលាឆ្នាំ២០២១នៅចំណុចភូមិដើមពោធិ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលបានឱ្យដឹងថាជនរងគ្រោះមាន ឈ្មោះវូ ហ្សុីនមីន អាយុ៥៤ឆ្នាំ ជនជាតិចិន បានរងរបួសក្បាលនិងចង្កេះ និងឈ្មោះ ចូវ កាង អាយុ៤៧ឆ្នាំ ជនជាតិចិន បានរងរបួសកដៃស្ដាំ។ អ្នកទាំងពីរបម្រើការងារក្នុងរោងចក្រជាយាងស៊ុន ស្ថិតក្នុងតំបន់ហ្គីហ្គារីសស៍ស្វាយរៀង។

ចំណែកជនសង្ស័យមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ បើតាមជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ពួកគេមានគ្នាប្រហែល៥ទៅ៦នាក់ជិះម៉ូតូមកឈប់ក្បែរពួកគាត់ រួចចុះមកដេញវាយនិងកាប់ពួកគាត់យ៉ាងសន្ធាប់តែម្ដង។

ប្រភពបន្តថា បន្ទាប់ពីបានប្រើហិង្សាមកលើពួកគាត់រួចហើយ ពួកគេក៏បាននាំគ្នាឡើងជិះម៉ូតូគេចខ្លួនបាត់ទៅ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។

ក្រោយមកសមត្ថកិច្ចនគរបាលស្រុកបានមកដល់ធ្វើកំណត់ហេតុនិងធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យទាំងនោះយកមកផ្ដន្ទាទោសឱ្យខាងតែបាន៕

ដោយ៖យឺម សុថាន

 


ចែករំលែក៖