ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញម្ចាស់បន្ទប់ជួលមួយចំនួនលក់ទឹកជូនកម្មករ កម្មការិនី និងសិស្សនិស្សិត ក្នុងតម្លៃថ្លៃចាប់ពី១,០០០រៀល ដល់ ៣,០០០រៀលក្នុង១ម៉ែត្រគូប ផ្ទុយពីកិច្ចព្រមព្រៀង, រដ្ឋាករទឹកនឹងមានវិធានការ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាបន្ទាប់ពីការស្រាវជ្រាវរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមួយរយៈកន្លងមកនេះបាន រកឃើញថា ម្ចាស់ទីតាំងបន្ទប់ជួលមួយចំនួន បាននិងកំពុងលក់ទឹកជូនកម្មករ កម្មការិនី និងសិស្សនិស្សិត ក្នុងតម្លៃថ្លៃផ្ទុយពីការព្រមព្រៀងក្នុងកិច្ចសន្យា។

សូមបញ្ជាក់ថាតម្លៃទឹកដែលម្ចាស់ផ្ទះជួលមួយចំនួន បានលក់ជូនកម្មករ កម្មការិនី និងសិស្សនិស្សិត ក្នុងថ្លៃចន្លោះពី ១០០០រៀល/ម៉ែត្រគូបទៅ ៣០០០រៀល/ម៉ែត្រគូប ខណៈតម្លៃរដ្ឋាករទឹកលក់ឲ្យម្ចាស់ផ្ទះជួលត្រឹមតែ ៧០០រៀល/ម៉ែត្រគូប និងតម្រូវឲ្យម្ចាស់ផ្ទះជួលលក់បន្តទៅឲ្យកម្មករ កម្មការិនី និងសិស្សនិស្សិត តម្លៃត្រឹមតែ៨០០រៀលប៉ុណ្ណោះក្នុង១ម៉ែត្រគូបដែលនេះវាផ្ទុយពីកិច្ចសន្យារវាងម្ចាស់ផ្ទះនិងរដ្ឋាករទឹក។

ប្រភពព័ត៌មានបានឲ្យដឹងថារដ្ឋាករទឹកក្រុងភ្នំពេញអះអាងថា ការចុះអង្កេតស្រាវជ្រាវនេះ ធ្វើឡើងបន្ទាប់ពីមានការរាយការណ៍ពីសមាគមមណ្ឌលព័ត៌មានកម្មករ។

គួរបញ្ជាក់ថាក្នុងសេចក្តីជូនដំណឹងរបស់ខ្លួននៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បញ្ជាក់យ៉ាងដូច្នេះថា តាមការចុះអង្កេតស្រាវជ្រាវ ដល់ទីតាំងដែលចង្អុលបង្ហាញ ដោយសមាគមមណ្ឌលព័ត៌មានកម្មករឃើញថា មានម្ចាស់ទីតាំងបន្ទប់ជួលមួយចំនួន បានលក់ទឹកក្នុងថ្លៃចន្លោះពី ១០០០រៀល/ម៉ែត្រគូបទៅ ៣ ០០០រៀល/ម៉ែត្រគូប ផ្ទុយពីការព្រមព្រៀងក្នុងកិច្ចសន្យា ដោយហេតុថា សម្ពាធទឹកនៅទីតាំងរបស់ពួកគាត់ខ្សោយ ទាមទារបំពាក់ម៉ូទ័របូមជំនួយ ដែលត្រូវចំណាយខ្ពស់លើថាមពលអគ្គិសនី។

ទន្ទឹមនឹងនោះ ក៏មានម្ចាស់ផ្ទះជួលមួយចំនួន នៅបានគិតតម្លៃបំពេញបន្ថែម ទៅលើភាពលម្អៀងរវាងនាឡិកាមេ និងនាឡិកាចែកចាយតាមបន្ទប់ជួល រួមទាំងការបាត់បង់ទឹក ឬលេចធ្លាយតាមបណ្តាញ តំណភ្ជាប់ក្នុងបរិវេណផ្ទះជួលជាដើម ហើយថ្លៃលក់នេះក៏ទទួលបានការព្រមព្រៀងគ្នារវាងអ្នកជួល និងម្ចាស់ផ្ទះផងដែរ។

ជុំវិញការលក់ទឹកជូនកម្មករ កម្មការិនី និងសិស្សនិស្សិត ក្នុងតម្លៃថ្លៃនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងមានវិធានការ ដូចខាងក្រោម៖

* ពង្រឹងបន្ថែមនូវការអនុវត្តកិច្ចសន្យាខាងលើ និងចាត់វិធានការយ៉ាងតឹងរឹងចំពោះម្ចាស់ផ្ទះដែលលក់ទឹកបន្ត ដោយប្រើប្រាស់កិច្ចសន្យាជាវទឹក ដើម្បីគ្រប់គ្រងការលក់ទឹកជូនដល់កម្មករ កម្មការិនី និងសិស្សនិស្សិត។

* ពិនិត្យនិងកែលម្អកិច្ចសន្យាលក់ទឹកបន្តឱ្យមានលក្ខណៈកាន់តែប្រសើរ ដើម្បីធានាបាននូវប្រសិទ្ធភាពអនុវត្ត ស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការជួយដល់កម្មករ កម្មការិនី និងសិស្ស និស្សិត។

សូមជម្រាបថា អនុវត្តតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល រដ្ឋាករទឹកក្រុងភ្នំពេញ បានចុះកិច្ចសន្យាលក់ទឹកជូនម្ចាស់ផ្ទះជួលចំនួន ៤ ៦៨៩ទីតាំង ស្មើនឹង ១២១.៣១៣បន្ទប់ ក្នុងថ្លៃ៧០០រៀល/ម៉ែត្រគូប ដែលទាបជាងថ្លៃដើម និងកំណត់ឱ្យម្ចាស់ផ្ទះជួល ត្រូវលក់បន្តជូនកម្មករ កម្មការិនី និងសិស្សនិសិ្សត ក្នុងថ្លៃ៨០០រៀល/ម៉ែត្រគូប៕

ដោយអរុណរះ


ចែករំលែក៖