ចាប់ពីថ្ងៃទី១ ខែវិច្ឆិកាទៅ ថៃនឹងលើកលែងការធ្វើចត្តាឡីស័កដល់អ្នកទេសចរដែលចាក់វ៉ាក់សាំងរួចរាល់ ហើយធ្វើដំណើរតាមយន្តហោះមកពី៥ប្រទេស ក្នុងនោះមាន អង់គ្លេស អាមេរិក អាល្លឺម៉ង់ សិង្ហបុរី និងចិន។
លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលដោះស្រាយស្ថានភាពកូវីដ-១៩ របស់រដ្ឋាភិបាលថៃ បានឱ្យដឹងថា អ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់មកពីប្រទេសទាំង៥ខាងលើមិនចាំបាច់ធ្វើចត្តាឡីស័កនោះឡើយ ប្រសិនបើការធ្វើតេស្តអវិជ្ជមានកូវីដ-១៩។ ការធ្វើតេស្តធ្វើឡើងតាមបែបរហ័ស ដោយឧបករណ៍ RT -PCR ។ អ្នកទេសចរមកពីប្រទេសទាំង៥ខាងលើមានការឆ្លងទាបបំផុត។
បច្ចុប្បន្នថៃនៅមានករណីឆ្លងកូវីដ-១៩ នៅខ្ពស់ដដែលដោយមានអ្នកឆ្លងជាង១១ពាន់នាក់ក្នុងមួយថ្ងៃ។ តាមការប្រកាសរបស់ក្រសួងសុខាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១បានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១១,២៧៦ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៧៥១,៧០៤ករណី ក្នុងនោះមានអ្នកស្លាប់ ១៨,០២៩នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៦២៥,៧៥០នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៦១.៩១លានដូស ក្នុងនោះប្រជាជន ២៤.៣លាននាក់ (៣៤.៧៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស។
ក្នុងពេលនេះប្រទេសជាច្រើននៅក្នុងតំបន់អាស៊ានបានសម្រេចរស់នៅជាមួយកូវីដ-១៩ ដោយបើកទ្វារសេដ្ឋកិច្ច ក្នុងពេលពលរដ្ឋទទួលបានការចាក់វ៉ាក់សាំងបានច្រើន ៕ ដោយ៖ធីរីណា
រូបថត៖AFP/TTXVN