ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីរដ្ឋមន្ត្រីក្រសួងកិច្ចការនារីនឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីស្ត្រីអាស៊ាន លើកទី៤ ក្រោមប្រធានបទ “សេដ្ឋកិច្ចឌីជីថល និងបរិយាបន្នហិរញ្ញវត្ថុ ដើម្បីពង្រឹងការប្រកួតប្រជែងស្ត្រីអាស៊ាន” នៅថ្ងៃទី១៥ តុលា

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងកិច្ចការនារីបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពី លោកស្រីកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីស្ត្រីអាស៊ាន លើកទី៤ ក្រោមប្រធានបទ “សេដ្ឋកិច្ចឌីជីថល និងបរិយាបន្នហិរញ្ញវត្ថុ ដើម្បីពង្រឹងការប្រកួតប្រជែងស្ត្រីអាស៊ាន” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ លោកស្រីកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីស្ត្រី អាស៊ាន លើកទី៤ រៀបចំដោយសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលមានរដ្ឋមន្ត្រីក្រសួងបង្កើនភាពអង់អាចដល់ស្ត្រី និងការពារកុមារ ជាប្រធានអង្គប្រជុំនេះ និងមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីកិច្ចការនារីនៃប្រទេសសមាជិកអាស៊ានទាំង១០ និងលេខាធិការដ្ឋានអាស៊ាន តាមរយៈប្រព័ន្ធវីដេអូ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅជារៀងរាល់៣ឆ្នាំម្តង និងមានបេសកកម្មលើកកម្ពស់សមភាពយេនឌ័រ សិទ្ធិស្ត្រី និងយុត្តិធម៌សង្គមសម្រាប់ស្ត្រីក្នុងគ្រប់រូបភាព ដែលអនុលោមទៅតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការលុប បំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW) សេចក្តីប្រកាសស្តីពីភាពរីកចម្រើនរបស់ស្ត្រីក្នុងតំបន់អាស៊ានឆ្នាំ១៩៨៨ និងសេចក្តីប្រកាសស្ដីពីការលុបបំបាត់អំពើហិង្សាលើស្ត្រីនៅក្នុងតំបន់អាស៊ានឆ្នាំ២០០៤ និងការអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំអាស៊ាន ពាក់ព័ន្ធនឹងការលើកកម្ពស់ភាពអង់អាចដល់ស្ត្រី និងសមភាពយេនឌ័រ។

ឆ្នាំ២០២១នេះ កិច្ចប្រជុំរដ្ឋមន្ត្រីស្ត្រីអាស៊ាន សម្រេចយកប្រធានបទ “សេដ្ឋកិច្ចឌីជីថល និងបរិយាបន្ន ហិរញ្ញវត្ថុ ដើម្បីពង្រឹងភាពប្រកួតប្រជែងស្ត្រីអាស៊ាន» ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុរបស់ស្ត្រី តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងផែនការស្ដារសេដ្ឋកិច្ចឡើងវិញពីវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ 

កិច្ចប្រជុំនេះ នឹងមានកិច្ចពិភាក្សាផ្លាស់ប្តូរនូវទស្សនៈ មេរៀន និងបទពិសោធន៍រវាងរដ្ឋមន្ត្រីស្រ្តីអាស៊ានទាំង១០ប្រទេសដើម្បីឈានទៅការដាក់ចេញនូវវិធានការនិងសកម្មភាពក្នុងការសម្រេចឱ្យបានចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ប្រកបដោយចីរភាព និងបរិយាបន្ន និងឆ្លើយតបទៅនឹងការអភិវឌ្ឍប្រកបដោយចីរភាពដោយមិនទុកនរណាម្នាក់ឱ្យនៅឯកកា ៕

ដោយ ៖ សិលា


ចែករំលែក៖