ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្ទូចបោះពួយយ៉ាងលឿនជាន់ហ្វ្រ័ងមិនសុីជ្រុលទៅបុករះរថយន្ត២គ្រឿងនិងឡំប្រឺតាមួយគ្រឿង​ទៀតបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តស្ទូចក្នុងល្បឿនលឿន ជាន់ហ្វ្រ័ងមិនសុីជ្រុលទៅបុករះរថយន្ត២គ្រឿង និងឡំប្រឺតាមួយគ្រឿងខណៈយានយន្តទាំងនេះកំពុងឈប់ភ្លើងស្តុប បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមាននរណារងរបួសនោះទេ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវភ្នំពេញ-ហាណូយ ជាប់ភ្លើងស្តុប២៤ម៉ោង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ភាគីរថយន្តបង្កប្រភេទរថយន្តស្ទូច ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-6192 ។ ចំណែកយានយន្តរងគ្រោះទាំង៣គ្រឿង ទី១-រថយន្តម៉ាកហាយឡេនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-7707 រងការខូចខាតផ្នែកខាងក្រោយ ។ ទី២-រថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK-7196 រងខូចខាតបែកកញ្ចក់ ខ្ទេចផ្នែកខាងក្រោយយ៉ាងដំណំ ។ ទី៣-ឡំប្រឺតា ពណ៌ស ពាក់ស្លាកលេខ 1IG-3519 រងខូចខាតផ្នែកខាងក្រោយ។

តាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុ រថយន្តបង្កប្រភេទស្ទួច​ បានបើកបរតាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ដោយសារស្ថានភាពល្បឿនលឿន​ ហេីយហ្វ្រ័ងមិនសូវសុីទៀត​ ក៏ជ្រុលទៅបុកពីក្រោយរថយន្តហាយឡេនឌ័រ ដែលកំពុងតែចតប្របចិញ្ចើមផ្លូវ ពេញទំហឹង​រងការខូចខាត​ ហើយរថយន្តបង្កបានបន្តទៅបុកពីក្រោយរថយន្តម៉ាក​ ហុីយ៉ាន់ដាយ និងបន្តរុញទៅបុកពីក្រោយឡំប្រឺតាមួយគ្រឿងទៀត ខណៈដែលយានជំនិះទាំងនោះកំពុងឈប់ភ្លេីងស្តុបពណ៌ក្រហម​  ប៉ុន្តែសំណាងល្អមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចប្រចាំគោលដៅបានមកជួយសម្រួលចរាចរណ៍ និងវាស់វែងយករថយន្តទាំងអស់ដាក់នៅផ្លូវម្ខាង ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋធ្វេីចរាចរណ៍ឆ្លងកាត់ ។ ចំណែកភាគីខាងរថយន្តបង្កបានសុំធ្វើការសម្របសម្រួលជាមួយភាគីរងគ្រោះមួយជំហានសិន ក្នុងករណីមិនត្រូវគ្នាទើបប្រគល់ជូនសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យជេីងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រងចាំការដោះស្រាយគ្នានៅពេលក្រោយដោយនីតិវិធីច្បាប់​  ៕​

ដោយ៖ និន សុភ័ស្ត


ចែករំលែក៖