ខេត្តព្រះសីហនុ៖ ពលរដ្ឋប្រាប់ថា មានត្រីផ្សោតសមុទ្រធំមួយក្បាល ងាប់អណ្តែតមកលើឆ្នេរព្រែកត្រែង ក្នុងភូមិសាស្ត្រ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីព្រឹកព្រលឹមថ្ងៃ១៤តុលា២០២១ ។ក្រោយទទួលសេចក្តីរាយការណ៍អំពីករណីនេះ នៅថ្ងៃដដែល មន្រ្តីជំនាញជលផល នៃខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចុះពិនិត្យមើលត្រីផ្សោត១ក្បាលដែលងាប់នេះ ហើយបានបញ្ជាក់ថា ត្រីផ្សោតសមុទ្រមួយក្បាលដែលងាប់នេះមានទម្ងន់ ប្រហែលជាង១០០គីឡូក្រាម មានបណ្តោយ ១,៨០ម៉ែត្រនិង ទទឹង ០,៨០ម៉ែត្រ ជាប្រភេទផ្សោតច្រមុះដបចំពុះវែង(common bottlenose) ។ បើតាមមន្ត្រីជលផលដដែលថា ត្រីផ្សោតប្រភេទនេះ រស់នៅតំបន់កោះព្រីង ឆ្នេរខែម មុខរាម និងនៅប្រជុំកោះរ៉ុង ជាប្រភេទសត្វកម្រត្រូវការពារ អភិរក្ស ដោយអនុក្រឹត្យលេខ១២៣ អ.ន.ក្រ ។ យោងតាមការពិនិត្យជាក់ស្តែង មន្ត្រីជំនាញបានសន្និដ្ឋានថា ត្រីផ្សោតនេះ ងាប់ដោយសារជាប់មងរបស់ប្រជានេសាទ ហើយបច្ចុប្បន្នមន្រ្តីជំនាញបានកប់ត្រីនេះ តាមបច្ចេកទេសហើយ៕
ដោយ៖ឆ្លាម សមុទ្រ