ព័ត៌មានទាន់ហេតុការណ៍៖

មានករណីផ្ទុះគ្រាប់បែកពីរលើកនិងបាញ់ប្រហារទៅលើក្រុមបាតុករនៅរដ្ឋធានីលីបង់ស្លាប់និងរបួសរាប់សិបនាក់(មានវីដេអូ)

ចែករំលែក៖

នៅថ្ងៃទី១៤ខែតុលា ក្នុងរដ្ឋធានី Beirut ប្រទេសលីបង់ មានករណីផ្ទះគ្រាប់បែកពីរលើកនិងបាញ់ប្រហារទៅលើក្រុមបាតុករ ដែលចូលរួមធ្វើបាតុកម្មប្រឆាំងនឹងការស្រាវជ្រាវរបស់តុលាការស្តីពីការផ្ទុះកំពង់ផែ Beirut កាលពីខែសីហាឆ្នាំ២០២០។
សារព័ត៌មាន រ៉យទ័របានដកស្រង់ប្រភពព័ត៌មានពីកម្លាំងយោធាលីបង់ដែលបានឱ្យដឹងថា ករណីផ្ទុះគ្រាប់បែកនិងបាញ់ប្រហារបានសម្លាប់មនុស្ស ៦នាក់ និងរបួស ៦០នាក់ ។ ហេតុការណ៍ខាងលើកើតឡើងនៅតំបន់ Ain el Remmaneh ក្នុងពេលក្រុមបាតុករធ្វើដំណើរឆ្លងកាត់តំបន់ប្រជុំជនពីរផ្សេងគ្នា ដែលម្ខាងកាន់សាសនាគ្រឹស្ត និងម្ខាងទៀតសាសនាអ៊ិស្លាមនិកាយស៊ីអុីត ទើបបង្កឲ្យមានការផ្ទះអាវុធកើតឡើង។
បណ្តាញទូរទស្សន៍ al-Manar របស់ក្រុមហេប៊ូឡាស់ បានផ្សាយថា ការបាញ់កាំភ្លើងក្នុងពេលដែលក្រុមបាតុករព្យាយាមឆ្ពោះទៅកាន់ទីស្តីការក្រសួងយុត្តិធម៌ ។ ចំណែកបណ្តាញព័ត៌មាន Sputnik វិញបានផ្សាយថា ក្រោយការផ្ទុះអាវុធនៅមានការផ្ទុះគ្រាប់បែកពីរលើកផ្សេងគ្នាទៀត។ កម្លាំងទាហានបានទៅកាន់កន្លែងកើតហេតុដើម្បីគ្រប់គ្រងស្ថានភាព ក៏ដូចជាធ្វើការស្រាវជ្រាវពីការបាញ់ប្រហារទៅលើក្រុមបាតុករ។
កម្លាំងទាហានប្រកាសថា នឹងស្វែងរកចាប់ខ្លួនជនដៃដល់ដែលបានផ្ទុះអាវុធទៅលើក្រុមបាតុករ។ កម្លាំងទាហានមួយចំនួនធំក៏បានបញ្ជូនទៅកាន់រដ្ឋធានីBeirutដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ ។
ការប្រឈមមុខតានតឹងផ្នែកនយោបាយកើតឡើង ពាក់ព័ន្ធនឹងការស្រាវជ្រាវស្តីពីការផ្ទុះកំពង់ផែកាលពីខែសីហាឆ្នាំ២០២០ សម្លាប់មនុស្សជាង២០០នាក់ និងរបួសជាង ៦៥០០នាក់ ។ ការផ្ទុះយ៉ាងខ្លាំងបំផ្លាញកំពងផែស្ទើរតែទាំងមូល៕ ដោយ៖ធីរីណា

រូបថត៖Reuters.


ចែករំលែក៖