ខេត្តកំពត៖ បេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ ឈឹម ឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានថ្លែងប្រាប់ឱ្យដឹងនារសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះថា៖ មនុស្សប្រុសស្រីចំនួន ៩នាក់ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធករណី២ផ្សេងគ្នា កំពុងកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមច្បាប់។
កម្លាំងនគរបាល នៃស្នងការដ្ឋានខេត្តកំពត បាននិងកំពុងសាកសួរ មនុស្សប្រុសស្រី ៩ នាក់ ដើម្បីកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូង នារសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស។ ក្នុងចំណោមនោះ ជនម្នាក់ជាប់សង្ស័យ ពីបទទទួលផលចោរកម្ម ពីអំពើឆក់ទ្រព្យសម្បត្តិ តាមដងផ្លូវរបស់ ក្រុមនេះ។
នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រូបនេះ បានឱ្យដឹងថា៖ ក្រុមជនសង្ស័យទាំង ៩នាក់ (ស្រី២នាក់) អាយុចន្លោះពី ១៦ ឆ្នាំ ដល់ ១៨ ឆ្នាំ រស់នៅក្នុងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ក្នុងចំណោមនោះ មានជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធពីបទទទួលផលចោរកម្ម ពីអំពើឆក់យកទ្រព្យសម្បត្តិតាមដងផ្លូវ។
លោកវរសេនីយ៍ទោ ឈឹម ឈាង បានបញ្ជាក់បន្ថែមថា កាលពីប៉ុន្មានថ្ងៃមុន កម្លាំងសមត្ថកិច្ចជំនាញខេត្ត បានទទួលពាក្យបណ្តឹងរបស់ពលរដ្ឋ ២ករណី ពាក់ព័ន្ធនឹងក្រុមក្មេងជិះម៉ូតូព័ទ្ធយកម៉ូតូពួកគាត់ពេលយប់ ដោយការធាក់ឱ្យដួល រួចស្រែកសម្លុតគំរាម នៅលើដងផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រ ស្រុកដងទង់។ ពួកគេប្រើរូបភាពជាអ្នកជិះម៉ូតូដើរទេសចរណ៍ រួចធ្វើសកម្មភាពពេលយប់ ពោលគឺឃើញមានឱកាសត្រង់ណាធ្វើនៅកន្លែងនោះ។ តាមរយៈបណ្តឹងនេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ក៏ចាត់កម្លាំងជំនាញ ចុះស្រាវជ្រាវភ្លាមៗដោយពិនិត្យរូបភាព ក្នុងកាមេរ៉ាស្វ័យប្រវត្តិ តាមដងផ្លូវ រហូតកំណត់បាន នូវភិនភាគរបស់ ក្រុមជនសង្ស័យទាំងនេះបានតែម្តង។
លោកនាយការិយាល័យ បានបញ្ជាក់ទៀតថា ជាមួយវិធានការនេះផងដែរ លោកឧត្តមសេនីយ៍ ស្នងការ បានណែនាំដល់កម្លាំង ផែនការងារព្រហ្មទណ្ឌ សហការជាមួយ សមត្ថកិច្ចនៃអធិការដ្ឋាន ស្រុកដងទង់ ចុះល្បាតជាប្រចាំ។ លុះដល់ម៉ោង៤ និង៣០នាទី ទៀបភ្លឺថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ មានក្មេងប្រុសស្រី ៦នាក់ បានជិះម៉ូតូ ៤ គ្រឿង មកដល់ចំណុចក្បែរកន្លែង សក្ការៈបូជា លោកយាយម៉ៅ ទើបកម្លាំងល្បាត ហៅឱ្យឈប់ រួចផ្ទៀងផ្ទាត់ ក៏ឃើញមាន អ្នកស្រដៀង ក្រុមធ្វើសកម្មភាព លើកមុន ទាំងពីរករណី ខាងលើ។ ក្រោយការឃាត់ និង សាកសួរ ពួកគេបានសារភាពនូវអ្វី ដែលធ្លាប់ប្រព្រឹត្ត កន្លងមក ដោយមានឈ្មោះ យូ ហាន ជាមេខ្លោង។
ដោយឡែកបើយោងតាមរយៈចម្លើយសារភាពរបស់ជនសង្ស័យខាងលើនេះ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត បានសុំពន្លាតដែនសមត្ថកិច្ច ចុះសហការជាមួយនគរបាលរាជធានីភ្នំពេញ ហើយនាំជនសង្ស័យម្នាក់ឈ្មោះ យូ ហាន ទៅចង្អុលរហូតឃាត់ខ្លួនបក្ខពួក ២នាក់ និងអ្នកទទួលផលចោរកម្មម្នាក់បន្ថែមទៀត។
បច្ចុប្បន្នជនសង្ស័យទាំងនេះ ត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដេីម្បីសាកសួរនិងចាត់វិធានការតាមនីតិវិធី៕
ដោយ៖សហការី