ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខេត្តកំពត បញ្ជូនខ្លួន​​ជនសង្ស័យប្រុស​ស្រី ៩​នាក់​ទៅតុលាការ​ ពាក់​ព័ន្ធ​ករណី​ឆក់​ និង​អ្នកទទួលផល​ចោរកម្ម

ចែករំលែក៖

ខេត្តកំ​ពត៖ បេី​តាមការបញ្ជាក់ពី​លោក​វរសេនីយ៍ទោ ឈឹម ឈាង នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាននគរបាលខេត្តកំពត បានថ្លែង​ប្រាប់​ឱ្យ​ដឹង​នា​រសៀល ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២១នេះថា៖​ មនុស្ស​ប្រុស​ស្រីចំនួន ៩នាក់​ ត្រូវ​បានកម្លាំងជំនាញឃាត់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធករណី២ផ្សេង​គ្នា​ កំពុង​​កសាង​សំណុំរឿង និង​បញ្ជូនទៅ​សាលាដំបូង ដើម្បីចាត់ការតាមច្បាប់។ 

កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​ខេត្តកំពត បាននិងកំពុង​សាកសួរ មនុស្ស​ប្រុស​ស្រី ៩ នាក់ ដើម្បី​កសាង​សំណុំរឿង និង​បញ្ជូនទៅ​សាលាដំបូង នា​រសៀល ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២១ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​។ ក្នុងចំណោម​នោះ ជន​ម្នាក់​ជាប់​សង្ស័យ ពីបទ​ទទួលផល​ចោរកម្ម ពី​អំពើ​ឆក់​ទ្រព្យសម្បត្តិ តាម​ដងផ្លូវ​របស់ ក្រុម​នេះ​។​

​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់រូបនេះ បាន​ឱ្យដឹងថា៖ ក្រុម​ជនសង្ស័យ​ទាំង ៩នាក់ (​ស្រី​២​នាក់​) អាយុ​ចន្លោះ​ពី ១៦ ឆ្នាំ ដល់ ១៨ ឆ្នាំ រស់នៅក្នុង​រាជធានី​ភ្នំពេញ​ ​ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ ក្នុងចំណោម​នោះ មានជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធពីបទ​ទទួលផល​ចោរកម្ម ពី​អំពើ​ឆក់យក​ទ្រព្យសម្បត្តិតាម​ដងផ្លូវ។

​លោកវរសេនីយ៍ទោ ឈឹម ឈាង បានបញ្ជាក់បន្ថែមថា​ កាលពី​ប៉ុន្មាន​ថ្ងៃមុន កម្លាំង​សមត្ថកិច្ចជំនាញខេត្ត​ បានទទួលពាក្យបណ្តឹង​របស់​ពលរដ្ឋ ២ករណី ពាក់ព័ន្ធ​នឹង​ក្រុម​ក្មេង​ជិះ​ម៉ូតូ​ព័ទ្ធ​យក​ម៉ូតូ​ពួកគាត់ពេលយប់ ដោយ​ការ​ធាក់​ឱ្យ​ដួល រួច​ស្រែក​សម្លុត​គំរាម នៅលើ​ដងផ្លូវ​ជាតិ​លេខ​៣ ក្នុងភូមិ​សាស្ត្រ ស្រុក​ដងទង់​។ ពួកគេ​ប្រើ​រូប​ភាពជា​អ្នកជិះ​ម៉ូតូ​ដើរទេស​ចរណ៍ រួច​ធ្វើ​សកម្មភាព​ពេលយប់ ពោលគឺ​ឃើញ​មានឱកាស​ត្រង់ណា​ធ្វើ​នៅ​កន្លែង​នោះ​។ តាមរយៈ​បណ្តឹង​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័​ន្ទ​មធុ​រិ​ទ្ធ ក៏​ចាត់​កម្លាំង​ជំនាញ ចុះ​ស្រាវជ្រាវភ្លាមៗដោយពិនិត្យ​រូបភាព ក្នុង​កាមេរ៉ា​ស្វ័យប្រវត្តិ តាម​ដងផ្លូវ រហូត​កំណត់​បាន នូវ​ភិនភាគ​របស់ ក្រុម​ជនសង្ស័យ​ទាំងនេះបានតែម្តង។​

​លោក​នាយការិយាល័យ បាន​បញ្ជាក់​ទៀត​ថា​ ជាមួយ​វិធានការ​នេះ​ផងដែរ លោក​ឧ​ត្ត​ម​សេនីយ៍ ស្នងការ បាន​ណែនាំ​ដល់​កម្លាំង ផែន​ការងារ​ព្រហ្មទណ្ឌ សហការ​ជាមួយ សមត្ថកិច្ច​នៃ​អធិការដ្ឋាន ស្រុក​ដងទង់ ចុះ​ល្បាត​ជាប្រចាំ​។ លុះដល់​ម៉ោង​៤ និង​៣០​នាទី ទៀបភ្លឺ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១ មាន​ក្មេងប្រុស​ស្រី ៦​នាក់ បាន​ជិះ​ម៉ូតូ ៤ គ្រឿង មកដល់​ចំណុច​ក្បែរ​កន្លែង សក្ការៈបូជា លោកយាយ​ម៉ៅ ទើប​កម្លាំង​ល្បាត ហៅ​ឱ្យ​ឈប់ រួច​ផ្ទៀងផ្ទាត់ ក៏​ឃើញ​មាន អ្នក​ស្រដៀង ក្រុម​ធ្វើ​សកម្មភាព លើក​មុន ទាំងពីរ​ករណី ខាងលើ​។ ក្រោយ​ការឃាត់ និង សាកសួរ ពួកគេ​បាន​សារភាព​នូវ​អ្វី ដែល​ធ្លាប់​ប្រព្រឹត្ត កន្លងមក ដោយមាន​ឈ្មោះ យូ ហាន ជា​មេខ្លោង​។​

​ដោយឡែកបើយោងតាមរយៈ​ចម្លើយសារភាព​របស់ជនសង្ស័យខាងលើនេះ កម្លាំង​ស្នងការដ្ឋាននគរបាលខេត្តកំពត បាន​សុំ​ពន្លាត​ដែន​សមត្ថកិច្ច ចុះ​សហការ​ជាមួយនគរបាល​រាជធានី​ភ្នំពេញ ហើយ​នាំ​ជនសង្ស័យ​ម្នាក់ឈ្មោះ យូ ហាន ទៅ​ចង្អុល​រហូត​ឃាត់ខ្លួនបក្ខពួក ២នាក់ និង​អ្នកទទួលផល​ចោរកម្ម​ម្នាក់បន្ថែមទៀត​។ 

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​នេះ​ ត្រូវ​បានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត​ ដេីម្បីសាកសួរ​និង​ចាត់​វិធានការ​តាម​នីតិវិធី​៕

ដោយ​៖សហការី​​


ចែករំលែក៖