អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានដកស្រង់ចេញផ្សាយពីក្រុមមន្ត្រីឧតុនិយមប្រទេសឥណ្ឌា បានអះអាងនៅថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០២១នេះថា៖ ករណីគ្រោះទឹកជំនន់ និងរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅក្នុងរដ្ឋ Kerala ស្ថិតនៅភាគខាងត្បូងនៃប្រទេសឥណ្ឌា បានធ្វេីឱ្យចំនួនអ្នកស្លាប់កើនដល់ ១៨នាក់ហើយ។ ជាមួយគ្នានេះ ក្រុមមន្ត្រីឧតុនិយមអះអាងថា ភ្លៀងបន្តធ្លាក់ខ្លាំង នឹងបង្កឡើងដោយសម្ពាធទាបមកពីតំបន់សមុទ្រអារ៉ាប់ផងដែរ។
ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បាននិយាយបន្ថែមថា ចាប់តាំងពីថ្ងៃសៅរ៍ម្សិលមិញនេះ ភ្លៀងបានធ្លាក់ខ្លាំង រហូតវាយប្រហារលើរដ្ឋ Kerala ខណៈមកទល់នឹងពេលនេះភ្លៀងនៅតែបន្តធ្លាក់នៅឡើយ។ ចំណែកមនុស្សរាប់សិបនាក់ផ្សេងទៀត ក៏ត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួនផងដែរ ហើយក្រុមអ្នកជួយសង្រ្គោះក្នុងនោះរួមមានទាំងយោធាកំពុងបន្តប្រតិបត្តិការ ជួយសង្គ្រោះ និងស្វែងរកអ្នកបាត់ខ្លួន។
ដោយឡែកជុំវិញបញ្ហានេះដែរ បើតាមអាជ្ញាធរឥណ្ឌា ក៏បានបញ្ជាក់ដែរថា៖ នៅក្នុងចំណោមជនរងគ្រោះភាគច្រើនខាងលើ គឺស្លាប់ដោយសារគ្រោះរអិលបាក់ដី៕ដោយ៖ស តារា
រូបថត៖BBC