ព័ត៌មានទាន់ហេតុការណ៍៖

ជនប្រដាប់អាវុធមួយក្រុមនៅក្នុងប្រទេសហៃទី​ បានចាប់ពង្រត់អ្នកផ្សព្វផ្សាយសាសនាគ្រឹស្តអាមេរិក ១៧នាក់

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០២១​នេះ​ បានដកស្រង់ចេញផ្សាយពី​​ប្រព័ន្ធផ្សព្វផ្សាយអាមេរិក​ ត្រូវ​បានរាយការណ៍ថា៖​ ជនប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណមួយក្រុមចាប់ពង្រត់អ្នកផ្សព្វផ្សាយសាសនាគ្រឹស្ដ ១៧នាក់ និងសមាជិកគ្រួសាររបស់ពួកគេ ក្នុងនោះរួមមានទាំងកុមារ និងស្ត្រី កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ​ នៅក្នុងប្រទេសហៃទី។

ទីភ្នាក់ងារ​ CNN ដោយផ្អែកលើប្រភពបានមកពីមន្ត្រីសន្តិសុខហៃទី បាននិយាយបន្ថែមថា​​ ជនរងគ្រោះខាងលើត្រូវបានចាប់ពង្រត់នៅក្នុងទីក្រុង ព័រអូប្រាំង នៅពេលដែលពួកគេចេញពីមណ្ឌលក្មេងកំព្រាមួយកន្លែង។

ដោយឡែក​ជុំវិញករណីខាងលេីនេះដែរ​ ក្រសួងការបរទេសអាមេរិក ក៏បានទទួលដំណឹងពីរបាយការណ៍​ នៃការចាប់ពង្រត់ពលរដ្ឋអាមេរិកផងដែរ តែមិនបានផ្ដល់ព័ត៌មានអ្វីលម្អិតបន្ថែមនោះទេ ដោយគ្រាន់តែសង្កត់ធ្ងន់ថា៖​ “សុខុមាលភាព និងសុវត្ថិភាពរបស់ពលរដ្ឋអាមេរិក​ គឺជាអាទិភាពចម្បងរបស់ក្រសួងការបរទេសអាមេរិក”៕ដោយ​៖ស​ តារា

រូបថត៖AFP


ចែករំលែក៖