ភ្នំពេញ៖ បេីយោងតាមការបញ្ជាក់ពីក្រុមហ៊ុនដែលវិនិយោគដាំចេកអំបូងលឿន នៅខេត្តកំពត បានឱ្យដឹងនៅថ្ងៃអង្គារទី១៩ ខែតុលា ឆ្នាំ២០២១នេះថា៖ កម្ពុជា គិតត្រឹមរយៈពេល៩ខែ ឆ្នាំ២០២១នេះ បាននាំចេញផ្លែចេកស្រស់បានចំនួន ៣៤៣ ៨១២ តោនកើនឡើង៤៦ភាគរយ បើធៀបនឹងឆ្នាំ២០២០។
អ្នកវិនិយោគដាំចេកអំបូងលឿនរូបនេះ បានបញ្ជាក់បន្ថែមថា កំណើននៃការនាំចេញផ្លែចេកស្រស់នេះ ដោយសារតែកម្ពុជា-ចិន មានទំនាក់ទំនងល្អ ដែលធ្វើឲ្យចេករបស់កម្ពុជា អាចនាំចេញដោយផ្ទាល់ទៅកាន់ទីផ្សារចិន។ ជាក់ស្ដែងចំពោះការនាំចេញផ្លែចេក ទៅប្រទេសចិនចំនួន៣០ម៉ឺនតោន, ប្រទេសវៀតណាមជាង ៤ម៉ឺនតោន, ប្រទេសជប៉ុន ៥៣៣តោន និងប្រទេសសិង្ហបុរី ៤៨០តោន។
ប្រភពដដែល បានបញ្ជាក់ទៀតថា៖ «ការនាំចេញចេកស្រស់កើនឡើងនេះ ដោយសារតែកិច្ចព្រមព្រៀងកម្ពុជា-ចិន បើកផ្លូវឲ្យផលិតផលផ្លែចេកស្រស់ដាំនៅកម្ពុជា អាចនាំចេញផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន ដោយមិនបានកំណត់ចំនួនកូតានោះឡើយ។ កត្តាទាំងនេះដែលធ្វើឲ្យទាក់ទាញអ្នកវិនិយោគិនធំៗ ទាំងក្នុងស្រុក និងក្រៅប្រទេសបណ្តាក់ទុន»។
បន្ថែមពីនេះ ក្រុមហ៊ុនវិនិយោគដាំចេកអំបូងលឿង បានលើកឡើងថា៖ ដោយសម្លឹងឃើញពីសក្តានុពលនេះ ក្រុមហ៊ុនក៏បានបង្កើតសម្ព័ន្ធក្រុមហ៊ុន ពង្រីកការដាំដុះដំណាំចេកបន្ថែម ព្រមទាំងផ្លែឈើហូបផ្លែជាច្រើនផ្សេងៗទៀត ហើយជាការរំពឹងទុក ក្នុងឆ្នាំ២០២២ខាងមុខនេះ កំណើននៃការនាំចេញផ្លែចេកនឹងបន្ដកើនតឡើង។
គួរបញ្ជាក់ថា ការចាប់ផ្តើមនាំចេញផ្លែចេកស្រស់ ទៅចិនដោយផ្ទាល់របស់ប្រទេសកម្ពុជា ជាលើកដំបូងគឺនៅឆ្នាំ២០១៩។ ជាក់ស្ដែងកាលពីឆ្នាំ២០១៩ កម្ពុជា បាននាំចេញផ្លែចេកស្រស់ជាង ១៥ម៉ឺនតោន និងឆ្នាំ២០២០ នាំចេញបានជាង៣៣ម៉ឺនតោន។ គិតត្រឹមរយៈពេល៣ឆ្នាំចុងក្រោយនេះ ការនាំចេញផ្លែចេក មានការកើនឡើងទាំងបរិមាណ និងការគិតតម្លៃជាសាច់ប្រាក់៕
ដោយ៖សហការី