ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល៩ខែ ឆ្នាំ២០២១នេះ! កម្ពុជា​នាំចេញផ្លែចេកស្រស់បានចំនួនជិត​ ៣៥ម៉ឺន​តោន​ កើនឡើង៤៦ភាគរយបើធៀបនឹងឆ្នាំមុន

ចែករំលែក៖

ភ្នំពេញ​៖ បេី​យោង​តាម​ការបញ្ជាក់​ពី​ក្រុមហ៊ុនដែលវិនិយោគដាំចេកអំបូងលឿន នៅខេត្តកំពត​ បានឱ្យដឹងនៅថ្ងៃអង្គារទី១៩​ ខែតុលា​ ឆ្នាំ​២០២១នេះ​ថា៖​ កម្ពុជា​ គិត​ត្រឹម​រយៈពេល៩ខែ ឆ្នាំ២០២១នេះ​ បាននាំចេញផ្លែចេកស្រស់បានចំនួន ៣៤៣ ៨១២ តោនកើនឡើង៤៦ភាគរយ បើធៀបនឹងឆ្នាំ២០២០។

អ្នកវិនិយោគដាំចេកអំបូងលឿនរូបនេះ​ បានបញ្ជាក់បន្ថែមថា​  កំណើននៃការនាំចេញផ្លែចេកស្រស់នេះ ដោយសារតែកម្ពុជា-ចិន មានទំនាក់ទំនងល្អ ដែលធ្វើឲ្យចេករបស់កម្ពុជា អាចនាំចេញដោយផ្ទាល់ទៅកាន់ទីផ្សារចិន។​ ជាក់ស្ដែង​ចំពោះ​ការនាំចេញផ្លែចេក ទៅប្រទេសចិនចំនួន៣០ម៉ឺនតោន, ប្រទេសវៀតណាមជាង ៤ម៉ឺនតោន, ប្រទេសជប៉ុន ៥៣៣តោន និងប្រទេសសិង្ហបុរី ៤៨០តោន។

ប្រភពដដែល​ បានបញ្ជាក់ទៀតថា៖ «ការនាំចេញចេកស្រស់កើនឡើងនេះ ដោយសារតែកិច្ចព្រមព្រៀងកម្ពុជា-ចិន បើកផ្លូវឲ្យផលិតផលផ្លែចេកស្រស់ដាំនៅកម្ពុជា អាចនាំចេញផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន ដោយមិនបានកំណត់ចំនួនកូតានោះឡើយ។ កត្តាទាំងនេះដែលធ្វើឲ្យទាក់ទាញអ្នកវិនិយោគិនធំៗ ទាំងក្នុងស្រុក និងក្រៅប្រទេសបណ្តាក់ទុន»។

បន្ថែមពីនេះ​ ក្រុមហ៊ុនវិនិយោគដាំចេកអំបូងលឿង​ បានលើកឡើងថា​៖​ ដោយសម្លឹងឃើញពីសក្តានុពលនេះ ក្រុមហ៊ុន​ក៏បានបង្កើតសម្ព័ន្ធក្រុមហ៊ុន ពង្រីកការដាំដុះដំណាំចេកបន្ថែម ព្រមទាំងផ្លែឈើហូបផ្លែជាច្រើនផ្សេងៗទៀត ហើយជាការរំពឹងទុក ក្នុងឆ្នាំ២០២២ខាងមុខនេះ កំណើននៃការនាំចេញផ្លែចេកនឹងបន្ដកើនតឡើង។

គួរបញ្ជាក់ថា​ ការចាប់ផ្តើមនាំចេញផ្លែចេកស្រស់ ទៅចិនដោយផ្ទាល់របស់ប្រទេសកម្ពុជា​ ជាលើកដំបូងគឺនៅឆ្នាំ២០១៩​។ ជាក់ស្ដែងកាលពីឆ្នាំ២០១៩ កម្ពុជា​ បាននាំចេញផ្លែចេកស្រស់ជាង ១៥ម៉ឺនតោន និងឆ្នាំ២០២០ នាំចេញបានជាង៣៣ម៉ឺនតោន។ គិត​ត្រឹម​​រយៈពេល៣ឆ្នាំចុងក្រោយនេះ ការនាំចេញផ្លែចេក មានការកើនឡើងទាំងបរិមាណ និងការគិតតម្លៃជាសាច់ប្រាក់៕

ដោយ​៖សហការី​


ចែករំលែក៖