ព័ត៌មានទាន់ហេតុការណ៍៖

ថៃត្រៀមលុបច្បាប់បម្រាមគោចរនៅខេត្តក្រុងចំនួន១៧

ចែករំលែក៖

នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធចាន់អូចា បានប្រកាសថានឹងលុបច្បាប់រឹតត្បិតបម្រាមគោចរនៅខេត្តក្រុងចំនួន១៧ ក្នុងនោះមានរាជធានីបាងកក ចាប់ពីថ្ងៃទី៣១ខែតុលា ដែលជាពេលវេលាបើកទ្វារស្វាគមន៍អ្នកទេសចរ ហើយដែលបានចាក់វ៉ាក់សាំងរួចរាល់គ្រប់ចំនួនពីរដូស។

ច្បាប់ដែលនាយករដ្ឋមន្ត្រីថៃបានអនុម័ត ត្រូវបានប្រកាសជាមួយរាជក្រឹត្យ។ ជាមួយគ្នានោះដែរ រដ្ឋាភិបាលថៃនឹងវាយតម្លៃពីស្ថានភាពកូវីដ-១៩ ដើម្បីដំណើរការសេដ្ឋកិច្ចជាតិឲ្យកាន់តែប្រសើរឡើង។
ច្បាប់បម្រាមគោចរនឹងត្រូវបញ្ចប់នាថ្ងៃទី៣១ខែតុលា ដើម្បីបើកទ្វារវិស័យទេសចរណ៍និងសេដ្ឋកិច្ចប្រទេសជាតិ។ តំបន់ទេសចរណ៍នៅតាមបណ្តាខេត្ត កន្លែងកម្សាន្តនឹងបើកទ្វារឡើងវិញរួមទាំងតៀមស្រា ហាងបារ ខារ៉ាអូខេ។
នៅថ្ងៃទី២៣ខែតុលា មន្ត្រីសុខាភិបាលថៃបានបញ្ជាក់ថា មានករណីឆ្លងកូវីដ-១៩ថ្មីចំនួន ៩.៧៤២ករណី និងស្លាប់៧៤នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងមក ធ្វើឲ្យអ្នកឆ្លងសរុបនៅក្នុងប្រទេសនេះកើនឡើងដល់ទៅ ១,៨៤លាននាក់ និងស្លាប់ ១៨.៦៩៩នាក់៕

ដោយ៖ធីរីណា(រូបថត៖Bangkok Post+TTXVN.VN


ចែករំលែក៖