ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ផ្ញេីសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំ និងសោក ស្ដាយក្រៃលែង ចំពោះមរណភាព លោក ជា សុខុម រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា​

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខនិងសោក ស្ដាយក្រៃលែងជូន លោកស្រី ហេង សុខុម ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព លោក ជា សុខុម រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា កាលពីថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៩:៥៥ នាទីព្រឹក ក្នុងជន្មាយុ ៧៦ ឆ្នាំ ដោយ រោគាពាធ។

ក្នុងសារលិខិតរំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ថា៖ «មរណភាពរបស់ លោក ជា សុខុម គឺជា ការបាត់បង់ បិតា ជីតា ប្រកបដោយគុណធម៌ ព្រហ្មវិហារធម៌ ដែលក្នុងមួយជីវិត របស់ លោក បាន ពលិកម្មជាច្រើន បូជាទាំងកម្លាំងកាយ ចិត្ត ជម្នះ រាល់ ឧបសគ្គនានា ក្នុងការឃុំគ្រងថែរក្សាក្រុមគ្រួសារពោរពេញដោយភាពកក់ក្ដៅ។ លើសពីនេះទៅទៀត មរណភាព របស់ លោក ជា សុខុម ពិត ជា ការបាត់បង់ដ៏ធំធេង នូវឥស្សរជនឆ្នើមមួយរូបរបស់កម្ពុជា ធ្លាប់មានគុណ បំណាច់ក្នុងការចូលរួមចំណែកកសាងជាតិមាតុភូមិតាំងពីឆ្នាំ១៩៧៩ រហូតសម្រេចបានស្នាដៃជាច្រើនក្នុងការងារជំនាញជាបន្តបន្ទាប់ដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ ដែលពិតជាមិនអាចកាត់ថ្លៃបានឡើយ» ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសហការីទាំងអស់នៃ កាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធសព លោក ជា សុខុម បានទៅកាន់ សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖