ប្រទេសថៃ៖ សេចក្ដីរាយការណ៍ បានឲ្យដឹងថា កាលពីថ្ងៃទី២២តុលា ២០២១នេះ កម្លាំងទាហានល្បាតព្រំដែនកម្ពុជា-ថៃ ប្រចាំស្រុកតាព្រះយ៉ា កងកម្លាំងបូរផា សហការជាមួយកងរយទី៤,នគបាលការពារព្រំដែនទី១២ និងនគបាលស្រុកតាព្រះយ៉ា,ស្រុកគោកឃ្យូង ខណៈកំពុងចុះល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវ រហូតដល់បរិវេណភូមិណង ម៉ាំង ឃុំណងវែង ស្រុកគោកឃ្យូង ខេត្តស្រះកែវ សមត្ថកិច្ចថៃបានប្រទះឃើញនិងចាប់ខ្លួនក្រុមពលករខ្មែរ ដែលលួចឆ្លងដែនចូលប្រទេសដោយខុសច្បាប់ចំនួន៤៦នាក់ ក្នុងនោះប្រុស២៨និងស្រី១៨នាក់ ទើបឃុំខ្លួនយកមកសួរនាំនៅទីបញ្ជារការកងរយទី៤។សូមជំរាបថា ក្រោយសមត្ថកិច្ចសួរនាំបានឲ្យដឹងថា ពលករខ្មែរខាងលើធ្វើដំណើរមកពីប្រទេសកម្ពុជា ដោយមានគោលបំណងទៅធ្វើការខាងសំណង់និងស៊ីឈ្នួលទូទៅ នៅខេត្តឈុន បុរី,ក្រុងបាងកក,នន់ថះបុរី និងចូលមកប្រទេសថៃដោយថ្មើរជើងឆ្លងដែនតាមច្រករបៀង ដោយចំណាយលុយក្នុងការធ្វើដំណើរអស់ក្នុងម្នាក់ពី៤,០០០-៧,០០០បាត និងចំណាយលុយឲ្យមេខ្យល់នាំផ្លូវជាជនជាតិខ្មែរមុនក្នុងម្នាក់៥,០០បាត ទើបសមត្ថកិច្ចថៃនាំខ្លួនពលករខ្មែរខាងលើ បញ្ជូនទៅឲ្យជំនាញស្រុកគោកឃ្យូង ដើម្បីចាត់ការតាមច្បាប់បន្ត។
ខណៈដូចគ្នានេះដែរ កម្លាំងសមត្ថកិច្ចថៃខាងលើ នៅបានចាប់ខ្លួនពលករខ្មែរ៦នាក់ថែមទៀត នៅបរិវេណភូមិទព័សៀម- ភូមិណងស្មាច់ ឃុំណងវែង ស្រុកគោកឃ្យូង ខេត្តស្រះកែវ ដោយបានប្រទះឃើញនិងចាប់ខ្លួនពលករខ្មែរ៦នាក់ ក្នុងនោះប្រុស៥និងស្រីម្នាក់ និងក្រោយពីការសួរនាំបានឲ្យដឹងថា ពលករខ្មែរខាងលើ ធ្វើដំណើរមកពីប្រទេសកម្ពុជា មានបំណងទៅធ្វើការខាងសំណង់ និងស៊ីឈ្នួលទូទៅ នៅខេត្តឈុន បុរី,ក្រុងបាងកក និងប៉ះធុម ថានី ដោយមានអ្នកនាំផ្លូវជាជនជាតិថៃចំនួន២នាក់ និងរថយន្តមួយគ្រឿង ដោយពលករខ្មែរទាំង៦នាក់ខាងលើ បានចំណាយលុយក្នុងការធ្វើដំណើរក្នុងម្នាក់៦,០០០បាត ចំណាយមុនឲ្យមេខ្យល់ជនជាតិខ្មែរក្នុងម្នាក់២,០០០បាត ទើបសមត្ថកិច្ចថៃនាំខ្លួនពលករខ្មែរខាងលើ បញ្ជូនទៅឲ្យជំនាញស្រុកគោកឃ្យូង ដើម្បីចាត់ការតាមច្បាប់បន្ត៕
ដោយ៖ វណ្ណា