ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យលោកវរសេនីយ៍ឯក Nyoman Sukasana ចូលជួបសម្ដែងការគួរសម និងជម្រាបលា!

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យលោករសេនីយ៍ឯក Nyoman Sukasana អនុព័ន្ធយោធាឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងពេលដែលលោកត្រូវបានបញ្ចប់បេសកកម្មការទូតរយៈពេលបីឆ្នាំ នៅកម្ពុជា។

សូមបញ្ជាក់ថា, លោកនាយឧត្តមសេនីយ៍ សៅ សុខា ក៏បានជួបពិភាក្សាការងារជាមួយលេខាស្ថានទូតបារាំង លោក M.Frabrice Etienne ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ដោយឡែកកាលពីយប់ម្សិលមុិញ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន ជ្រាបថា យប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នេះ កម្លាំងកងរាជអាវុធហត្ថ នឹងដឹកនាំក្បួនដឹកជញ្ជូនយន្តហោះប្រតិកម្មធុន MIG-21 លេខ MF-7121 ចាស់ ដែលផុតកំណត់ប្រើប្រាស់ចំនួន១គ្រឿង យកទៅរក្សាទុកនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ ខេត្តកំពង់ឆ្នាំង ដើម្បីដាក់តាំងក្នុងសារមន្ទីររបស់កងរាជអាវុធហត្ថ។

ការចល័តក្បួននេះ នឹងចេញដំណើរពីមុខព្រលានយន្តហោះអន្តរជាតិ ពោធិចិនតុង តាមផ្លូវជាតិលេខ៤ ផ្លូវលេខ៥១ ផ្លូវជាតិលេខ៥ និងផ្លូវលេខ៤៤។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មាន មេត្តាជ្រាប និងសូមអធ្យាស្រ័យចំពោះចរាចរណ៍ក្នុងការធ្វើដំណើរ។

បច្ចុប្បន្នកងដឹកជញ្ជូនបានបំពេញកាតព្វកិច្ច យ៉ាងជោគជ័យ រួចរាល់ ជាមួយការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ដោយសមត្ថកិច្ច កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖