ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឆ្លងផ្លូវបត់ឆ្វេងមិនប្រយ័ត្នបុកម៉ូតូបញ្ច្រាសគ្នារបួសធ្ងន់ស្រាល៣នាក់នៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស៣នាក់បានរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយម៉ូតូហុងដាស៊េរី២០២០បត់ឆ្វេងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នបុកជាមួយម៉ូតូមួយគ្រឿងទៀតទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងផ្អើលអ្នកភូមិទាំងក្បាលព្រលប់។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៦និង០៥នាទីព្រលប់ថ្ងៃទី២៥ខែតុលាឆ្នាំ ២០២១ ចន្លោះផ្លូវ១៣០និង១៣១ស្ថិតក្នុងនៅភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាបខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាអ្នកបើកម៉ូតូបង្កហេតុមានឈ្មោះ នៅ គា អាយុ៣៣ឆ្នាំមុខរបរកម្មករនិងអ្នករួមដំណើរឈ្មោះចាន់ ចន្តា អាយុ៤៥ឆ្នាំមុរបរ សន្តិសុខ
រស់នៅភូមិទន្លៀងឃុំរមាំងថ្កោលស្រុកស្វាយទាបខេត្តស្វាយរៀងជិះម៉ូតូម៉ាកហុងដា ស៊េរី២០២០ ពណ៌ខ្មៅពាក់ស្លាកលេខស្វាយរៀង1P. ៦២០០ខូចខាតយ៉ាងដំណំ។

ចំណែកភាគីរងគ្រោះមានឈ្មោះកែវ វឹង អាយុ៤១ឆ្នាំមុខរបរជាងរថយន្ត រស់នៅភូមិតាជោ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀងខេត្តស្វាយរៀងជិះម៉ូតូម៉ាក ហុងដាស៊េរី១៩៩៧ ពណ៌ព្រីងទុំ ពាក់ស្លាកលេខភ្នំពេញ1C.០៨៦៥។

តាមសាក្សីបានឱ្យដឹងថាមុនកើតហេតុមានបុរស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ស៊េរី២០២០ ពណ៌ខ្មៅពាក់ស្លាកលេខស្វាយរៀង1P.៦២០០ក្នុងទិសដៅ ពីលិចទៅកើតហើយក៏បានបើកបត់ឆ្វេងឆ្លងផ្លូវខ្វះប្រុងប្រយ័ត្ន ស្រាប់តែបុកជាមួយ
ម៉ូតូម៉ាក ហុងដាស៊េរី១៩៩៧ ពណ៌ព្រីងទុំ ពាក់ស្លាកលេខភ្នំពេញ1C.០៨៦៥ធ្វើដំណើរទិសដៅកើតទៅលិច យ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយកើតហេតុអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងចំណែក មធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកមក រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរមាំងថ្កោល ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖