ភ្នំពេញ៖ នារសៀលថ្ងៃដដែល លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានបន្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានបូកបី (សាធារណៈរដ្ឋប្រជាមានិតចិន-សាធារណៈរដ្ឋកូរ៉េ-ជប៉ុន) លើកទី២១ តាមរយៈប្រព័ន្ធអនឡាញ ដែលកិច្ចប្រជុំនេះស្ថិតក្រោមការដឹកនាំដោយ លោកបណ្ឌិត Syahrul Yasin Limpo រដ្ឋមន្ត្រីក្រសួងកសិកម្ម សាធារណរដ្ឋឥណ្ឌូនេស៊ី។
មានមតិចូលរួមក្នុងកិច្ចប្រជុំនារសៀលនេះ លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែង អំណរគុណ និងវាយតម្លៃខ្ពស់ចំពោះឧត្តមមន្រ្តីអាស៊ានបូកបីទាំងអស់ ជាពិសេសលេខាធិការដ្ឋានអាស៊ានដែលបានសម្របសម្រួល និងអនុវត្តកិច្ចសហប្រតិបត្តិការទទួលបានសមិទ្ធិផលគួរឲ្យកត់សម្គាល់ទាក់ទងនឹងវិស័យស្បៀង កសិកម្ម និងព្រៃឈើកាលពីឆ្នាំមុន។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសាធារណៈរដ្ឋប្រជាមានិតចិនលើប្រធានបទអនាម័យ និងភូតគាមអនាម័យ លោករដ្ឋមន្ត្រីបានទទួលស្គាល់ និងសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ក្នុងការអនុវត្តការងារអនាម័យ និងភូតគាមអនាម័យ ដើម្បីជំរុញកិច្ចសម្រួលពាណិជ្ជកម្មស្បៀង និងផលិតផលកសិកម្មប្រកមដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ លោកក៏បានថ្លែងអំណរគុណចំពោះសាធារណៈរដ្ឋប្រជាមានិតចិន ដែលបានជួយពង្រឹងដល់ការតាមដាន ស្រាវជ្រាវ ជំងឺសត្វ និងវិភាគជំងឺសត្វ តាមរយៈវគ្គបណ្តុះបណ្តាល និងការកសាងមន្ទីរពិសោធជូនដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វកម្ពុជា។ លោកសង្ឃឹមថា កិច្ចសហប្រតិបត្តិការ និងការគាំទ្រលើការកសាងសមត្ថភាពទាំងលើការត្រួតពិនិត្យជំងឺសត្វ រុក្ខជាតិ និងសុវត្ថិភាពចំណីអាហារ នឹងបន្តមិនត្រឹមតែសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រទេសជាសមាជិកអាស៊ានផងដែរ ដើម្បីជាប្រយោជន៍រួម។
ឆ្លៀតយកឱកាសនេះផងដែរ លោកក៏បានកោតសរសើរដល់ក្រុមប្រឹក្សានៃកិច្ចព្រមព្រៀងអាស៊ានបូកបី ស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់ APTERR និងជាពិសេសប្រទេសដែលជាសមាជិកដែលបានផ្តល់អង្ករជំនួយដល់កម្ពុជាតាំងពីឆ្នាំ២០០៧ ដល់បច្ចុប្បន្នបានសរុបចំនួន ១ ២៤០តោន សម្រាប់យកមកចែកជូនប្រជាពលរដ្ឋដែលទទួលរងនូវផលប៉ះពាល់បណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិ និងជំងឺកូវីដ-១៩។
លោកបន្ថែមថា កិច្ចសហប្រតិបត្តិការក្នុងតំបន់គឺពិតជាមានសារៈសំខាន់សម្រាប់ក្របខ័ណ្ឌាស៊ានបូកបី ដើម្បីគ្រប់គ្រង និងធានាសន្តិសុខស្បៀងក្នុងអំឡុងពេលគ្រោះមហន្តរាយដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ក៏ដូចជាជំងឺរាតត្បាតកូវីដ-19។ លោកសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងរួមគ្នាពីប្រទេសជាសមាជិកទាំងអស់ នឹងបន្តដើម្បីដោះស្រាយបញ្ហាប្រឈមសន្តិសុខស្បៀងនៅក្នុងតំបន់។
សូមជម្រាបជូនថា កិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានបូកបីលើកទី២១ បានយកប្រធានបទមួយចំនួនមកពិភាក្សា៖ ទី១. ការផ្លាស់ប្តូរទស្សនៈវិស័យស្តីពីការអភិវឌ្ឍក្នុងតំបន់ និងយន្តការឆ្លើយតបនឹងការរាតត្បាតកូវីដ-១៩ ក្នុងវិស័យស្បៀង កសិកម្ម និងព្រៃឈើ។ ទី២. វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី លើវិស័យស្បៀង កសិកម្ម និងព្រៃឈើ៕
ដោយ៖ សិលា