រដ្ឋាភិបាលទីក្រុងប៉ារីស បានផ្សះផ្សាទំនាក់ទំនងជាមួយអាមេរិក បន្ទាប់ពីកិច្ចប្រជុំ G20 ប៉ុន្តែបារាំងមិនអាចលើកលែងដល់អូស្ត្រាលី ដែលកុហកខ្លួននោះឡើយ។ ទំនាក់ទំនងរវាងបារាំងនឹងអូស្ត្រាលី បានធ្លាក់ដល់បាត ក្រោយពីប្រធានាធិបតីបារាំង លោកម៉ាក្រុង បញ្ជាក់ថា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison ជាមនុស្សនិយាយកុហក ។
តាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១បានឱ្យដឹងថា ប្រធានាធិបតីបារាំងលោក អ៊ែមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានថ្លែងថា នាយករដ្ឋមន្ត្រីអូស្ត្រាលីបានកុហករូបលោកទាំងស្រុង ជុំវិញកិច្ចព្រមព្រៀងទិញនាវាមុជទឹក-នុយក្លេអ៊ែរ ដែលត្រូវបានលុបចោលវិញ។ ប្រការនេះបានធ្វើឱ្យបញ្ហាចាក់ស្រេះកាន់តែស៊ីជម្រៅ បន្ថែមពីលើវិបត្តិការទូតដ៏ធ្ងន់ធ្ងរ រវាងប្រទេសទាំងពីរដែលមានស្រាប់ទៅហើយ។
នៅពេលត្រូវបានសាកសួរដោយ ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះថា តើនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កតត៍ ម៉ូរីសសុន (Scott Morrison) មិនគួរឱ្យទុកដែរឬមួយក៏យ៉ាងណា នៅក្នុងកិច្ចព្រមព្រៀង (ទិញនាវាមុជទឹកនុយក្លេអ៊ែរ) ជាលក្ខណៈឯកជន? ប្រធានាធិបតីបារាំង លោក Macron បានឆ្លើយតបវិញថា «ខ្ញុំមិននឹកស្មានដល់ទេ… ខ្ញុំដឹង…»។
មេដឹកនាំទាំងពីររូបខាងលើនេះ សុទ្ធតែបានចូលរួមដោយផ្ទាល់ នៅក្នុងកិច្ចប្រជុំកំពូល G20 នាទីក្រុង រ៉ូម ប្រទេសអុីតាលី និងកិច្ចប្រជុំអាកាសធាតុ (COP26) ដ៏ធំរបស់អង្គការសហប្រជាជាតិ នៅទីក្រុងក្លាសហ្កូវ (Glasgow) ប្រទេសស្កុតឡែន។ ប៉ុន្តែភាពតានតានតឹង ក្រោយការបង្កើតកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី (AUKUS) រវាងប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលបាននាំឲ្យកិច្ចព្រមព្រៀង ទិញនាវាមុជទឹក-នុយក្លេអ៊ែរពីបារាំងត្រូវលុបចោលនោះ នៅតែតាមលងបន្លាចជានិច្ច៕ ដោយ៖ធីរីណា
រូបថត៖AFP/TTXVN
រូបថត៖TTXVN