ភ្នំពេញ៖ ពិតជាធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងក្រោយពីតារាសម្តែងក្នុងភាពយន្តបែបវាយតប់ដ៏ល្បីរបស់កម្ពុជា២រូបបានបង្ហាញមុខក្នុងការសម្តែងឈុតផ្សព្វផ្សាយពាណិជ្ជកម្មបែប Action មួយរបស់ក្រុមហ៊ុនភេសជ្ជៈមួយ ដោយចាយទុនចំណាយខ្ទង់ម៉ឺដុល្លារ។ ការទម្លាយអំពីដំណឹងនេះបានធ្វើឡើងក្រោយពីរូបថតមួយចំនួនរបស់តារាសម្តែងប្រុសជើងចាស់លោក សាវិន ហ្វីលីព បានទម្លាយរូបថតលោក និងតារាក្បាច់គុណលោក អ៊ូតារាដែលគេស្កាល់ថាជាតួអង្គសំខាន់ក្នុងភាពយន្ត រឿង”Jailbreak”នោះតែម្តង។
តាមរយៈការបញ្ចេញសារនិងរូបថតរបស់តារាសម្តែងលោក សាវីន ហ្វីលីព បានបញ្ជាក់នៅលើបណ្តាញសង្គមបានលើកឡើងថា “ថ្ងៃនេះថតស្ពតថ្មី ។ Main Actor សាវិន ហ្វីលីព អ៊ូតារាDirector: Jimmy Henderson Produced By K Picture”។ ភ្ជាប់ដោយសំណេរនេះគឺជារូបថតមួយចំនួនដែលបង្ហាញពីសកម្មភាពនៃការផលិតឈុតផ្សព្វផ្សាយពាណិជ្ជកម្មនេះជាមួយរូបថតនៃតួអង្គសំខាន់រួមទាំងអ្នកដឹកនាំសម្តែងដែលអ្នកសិល្បៈ និងអ្នកក្នុងវិស័យភាពយន្តស្គាល់ច្បាស់គឺលោក Jimmy Henderson តែម្តង។ មានការទម្លាយក្រៅផ្លូវការថា ឈុតផ្សព្វផ្សាយណិជ្ជកម្មបែបActionនេះ ត្រូវបានផលិតក្រោមការសម្រិតសម្រាំងពីផលិតកម្ម K Picture ដែលប្រមូលផ្តុំដោយអ្នកជំនាញខ្មែរ និងបរទេសជាច្រើនរូបដែលធ្លាប់មានបទពិសោធន៍ ពិសេស គឺក្រុមការងារផលិតភាពយន្តរឿង”Jailbreak” ដែលធ្លាប់ធ្វើឲ្យកក្រើកវិស័យភាពយន្តខ្មែរនាពេលកន្លងទៅ។ មានការបង្ហើបដែរថា ឈុតផ្សព្វផ្សាយខាងលើនេះចាយទុនរាប់ម៉ឺនដុល្លារឯណោះ ព្រោះជាឈុតផ្សព្វផ្សាយបែបAction និងសម្រិតសម្រាំងខ្ពស់នោះ។
គួរបញ្ជាក់ដែរថា លោក សាវីន ហ្វីលីព ជាតារាសម្តែងជើងចាស់ដ៏មានប្រជាប្រិយភាពរាប់ទសវត្សរ៍កន្លងមកហើយហើយលោកក៏ធ្លាប់ចូលរួមសម្តែងក្នុងភាពយន្តជាច្រើនដែលដឹកនាំផលិតដោយជនជាតិខ្មែរ និងបរទេស ក្នុងនោះក៏មានរឿង”Jailbreak”នោះផងដែរដែលគ្រានោះលោកសម្តែងជាតួអង្គមេក្រុមសង្គមងងឹត ខណៈដែលតារាសម្តែងប្រុសស្រស់សង្ហា និងជាតារាក្បាច់គុណលោក អ៊ូ តារា ក៏ជាតារាសម្តែងលេចធ្លោរ និងធ្លាប់ទទួលបានការពេញចិត្តច្រើនក្នុងការសម្តែងភាពយន្តមួយនេះផងដែរ៕
ដោយ ៖ វឌ្ឍនា