ខ្សែប្រយុទ្ធ Cristiano Ronaldo ជាថ្មីម្តងទៀតបានជួយសង្គ្រោះក្រុមបិសាចក្រហម Manchester United ជាមួយនឹងគ្រាប់បាល់ចុងម៉ោងដ៏គួរឱ្យចាប់អារម្មណ៍ ដើម្បីរកឱ្យក្រុមរបស់គាត់ស្មើជាមួយក្រុម Atalanta ២ទល់២ ដែលរក្សាក្រុមឱ្យឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Champions League ក្នុងពូល F ។
កីឡាករវ័យ៣៦ឆ្នាំដែលបានតាមស្មើក្នុងម៉ោងបន្ថែមក្នុងតង់ទី១បានស៊ុតបាល់បញ្ចូលទីពីក្រៅប្រអប់ក្នុងម៉ោងបន្ថែមក្នុងតង់ទី២ទៀត ដើម្បីទទួលបានពិន្ទុដ៏សំខាន់នៅកីឡដ្ឋាន Gewiss ក្នុងទឹកដីក្រុម Atalata ។
ការប្រកួតក្នុងតង់ទី១ ក្រុមម្ចាស់ផ្ទះ Atalata រកបានគ្រាប់បាល់នាំមុខ១គ្រាប់ដោយកីឡាករ Josip Ilicic បានបើកការស៊ុតបញ្ចូលទីផុតដៃអ្នកចាំទី David de Gea នៅកីឡដ្ឋាន Gewiss ដ៏អ៊ូអរ។ ប៉ុន្តែនៅចុងម៉ោងក្នុងតង់ទី១ ខ្សែប្រយុទ្ធ Cristiano Ronaldo រកបាន១គ្រាប់សងវិញនៅនាទីទី៤៥+១ ហើយក្រុម Atalanta មានឱកាសរកបាន១គ្រាប់នាំមុខទៀតដោយកីឡាករ Duvan Zapata នៅនាទីទី៥៦ក្នុងតង់ទី២។
ក្នុងការប្រកួតតង់ទី២ និងជិតដល់បញ្ចប់ការប្រកួតទៅហើយ ខ្សែប្រយុទ្ធឆ្នើម Ronaldo រកបាន១គ្រាប់បន្ថែមទៀត នៅនាទីទី៩០+១ ធ្វើឲ្យលទ្ធផលស្មើគ្នា២ទល់២ ដែលធ្វើឲ្យក្រុមរបស់លោក Ole Gunnar Solskjaer ទទួលបាន១ពិន្ទុបន្ថែមទៀត។
លទ្ធផលនេះជួយឲ្យ Man United មាន៧ពិន្ទុស្មើជាមួយក្រុម Villarreal ដែលបានយកឈ្នះក្រុម Young Boys ២ទល់០ ហើយរក្សា Man United ឈរនៅលើកំពូលតារាងឆ្ពោះទៅកាន់ការប្រកួតចុងក្រោយក្នុងពូលF។
ក្នុងក្របខ័ណ្ឌ Champions League ក្រុមបិសាចក្រហមនឹងត្រូវប៉ះជាមួយក្រុមម្ចាស់ផ្ទះ Villarreal ក្នុងការប្រកួតបន្ទាប់នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)