ព័ត៌មានទាន់ហេតុការណ៍៖

Ronaldo រកបាន២គ្រាប់ជួយក្រុមបិសាចក្រហមតាមស្មើ Atalata នៅចុងម៉ោងនៅ Champions League

ចែករំលែក៖

ខ្សែប្រយុទ្ធ Cristiano Ronaldo ជាថ្មីម្តងទៀតបានជួយសង្គ្រោះក្រុមបិសាចក្រហម Manchester United ជាមួយនឹងគ្រាប់បាល់ចុងម៉ោងដ៏គួរឱ្យចាប់អារម្មណ៍ ដើម្បីរកឱ្យក្រុមរបស់គាត់ស្មើជាមួយក្រុម Atalanta ២ទល់២ ដែលរក្សាក្រុមឱ្យឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Champions League ក្នុងពូល F ។

កីឡាករ​វ័យ៣៦ឆ្នាំ​ដែល​បាន​តាម​ស្មើ​ក្នុង​​ម៉ោង​បន្ថែម​ក្នុង​តង់​ទី១បាន​ស៊ុត​បាល់​បញ្ចូល​ទី​ពី​ក្រៅ​ប្រអប់​ក្នុង​ម៉ោង​បន្ថែម​ក្នុងតង់ទី២ទៀត ​ដើម្បី​ទទួល​បាន​ពិន្ទុ​ដ៏​សំខាន់​នៅកីឡដ្ឋាន Gewiss ក្នុងទឹកដីក្រុម Atalata ។

ការប្រកួតក្នុងតង់ទី១ ក្រុមម្ចាស់ផ្ទះ Atalata រកបានគ្រាប់បាល់នាំមុខ១គ្រាប់ដោយកីឡាករ Josip Ilicic បានបើកការស៊ុតបញ្ចូលទីផុតដៃអ្នកចាំទី David de Gea នៅកីឡដ្ឋាន Gewiss ដ៏អ៊ូអរ។ ប៉ុន្តែនៅចុងម៉ោងក្នុងតង់ទី១ ខ្សែប្រយុទ្ធ Cristiano Ronaldo រកបាន១គ្រាប់សងវិញនៅនាទីទី៤៥+១ ហើយក្រុម Atalanta មានឱកាសរកបាន១គ្រាប់នាំមុខទៀតដោយកីឡាករ Duvan Zapata នៅនាទីទី៥៦ក្នុងតង់ទី២។

ក្នុងការប្រកួតតង់ទី២ និងជិតដល់បញ្ចប់ការប្រកួតទៅហើយ ខ្សែប្រយុទ្ធឆ្នើម Ronaldo រកបាន១គ្រាប់បន្ថែមទៀត នៅនាទីទី៩០+១ ធ្វើឲ្យលទ្ធផលស្មើគ្នា២ទល់២ ដែលធ្វើឲ្យក្រុមរបស់លោក Ole Gunnar Solskjaer ទទួលបាន១ពិន្ទុបន្ថែមទៀត។

លទ្ធផលនេះជួយឲ្យ Man United មាន៧ពិន្ទុស្មើជាមួយក្រុម Villarreal ដែលបានយកឈ្នះក្រុម Young Boys ២ទល់០ ហើយរក្សា Man United ឈរនៅលើកំពូលតារាងឆ្ពោះទៅកាន់ការប្រកួតចុងក្រោយក្នុងពូលF។

ក្នុងក្របខ័ណ្ឌ Champions League ក្រុមបិសាចក្រហមនឹងត្រូវប៉ះជាមួយក្រុមម្ចាស់ផ្ទះ Villarreal ក្នុងការប្រកួតបន្ទាប់នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖