ប្រទេសចិន៖ ក្រោយពេលរដ្ឋាភិបាលចិនបានស្នើដល់ពលរដ្ឋឱ្យរក្សាស្បៀងអាហារទុក ធ្វើឲ្យផ្សារទំនើបនានាពេញណែនដោយពលរដ្ឋសម្រុកទៅទិញទំនិញរក្សាទុកព្រោះខ្លាចត្រូវបិទទ្វារជាថ្មី។
នៅថ្ងៃទី៤ខែវិច្ឆិកានេះ បណ្តាញសង្គមនៅចិន បានផ្សព្វផ្សាយរូបភាពពលរដ្ឋសម្រុកទៅកាន់ផ្សារទំនើបដែលធ្វើឱ្យផ្សារពេញណែនដោយមនុស្ស ហើយទំនិញផ្គត់ផ្គង់ស្ទើរតែមិនទាន់។ គេហទំព័រ Daily Sabah បានផ្សាយថា ពលរដ្ឋនៅរដ្ឋធានីប៉េកាំងបាននាំគ្នាទៅទិញបន្លែ ម្ហូបអាហារ អង្ករដើម្បីទុកបម្រុងនៅក្នុងផ្ទះរយៈពេល២ថ្ងៃកន្លងមកហើយ។
ស្ត្រីម្នាក់ដែលបានទិញទំនិញជាច្រើនរក្សាទុកបានឱ្យដឹងថា «រដូវរងាជិតមកដល់ យើងត្រូវការស្បៀងអាហាររក្សាទុកឱ្យបានគ្រប់គ្រាន់»។ ក្នុងពេលនោះដែរ មានពលរដ្ឋជាច្រើនបានឈរតម្រង់ជួរនៅមុខផ្សារ រង់ចាំដល់វេនខ្លួនចូលទិញទំនិញ ។
ចាប់តាំងពីខែតុលាមក តម្លៃស្បៀងអាហារ បន្លែ ផ្លែឈើនៅក្នុងផ្សារទំនើបឡើងថ្លៃពី១,៥ទៅ៣ដងបើប្រៀបធៀបនឹងខែកញ្ញា ។
លោក Zhu Xiaoliang មន្ត្រីក្រសួងពាណិជ្ជកម្មចិនបានប្រកាសថា បច្ចុប្បន្នទីតាំងផ្គត់ផ្គង់ស្បៀងអាហារជូនពលរដ្ឋនៅមានគ្រប់គ្រាន់ ហើយធានាមិនឱ្យខ្វះនោះឡើយ សម្រាប់ពលរដ្ឋប្រើប្រាស់ក្នុងរដូវរងាខាងមុខនេះ៕ ដោយ៖ធីរីណា
រូបថត៖The Australian