ខេត្តស្វាយរៀង៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះ នាថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០២១ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងសហការីបាននាំយក អំណោយមនុស្សធម៌របស់សាខា ចែកជូនដល់ជនងាយរងគ្រោះមានចាស់ជរា ជនពិការ កុមារកំព្រា គ្រួសារមានជំងឺប្រចាំកាយ ស្ត្រីមេម៉ាយមានកូនច្រើន អ្នករស់នៅជាមួយមេរោគអេដស៍ និងទីទ័លក្រ ក្នុងស្ថានភាពជួបវិបត្តិជាសកលនៃជំងឺកូវីដ-១៩ ចំនួន ៦០ គ្រួសារ មកពី ៧ សង្កាត់ គឺសង្កាត់ស្វាយរៀង ព្រៃឆ្លាក់ គយត្របែក ចេក ពោធិតាហោ ស្វាយតឿ និងសង្ឃ័រ ក្នុងក្រុងស្វាយរៀង ដែលពិធីនេះប្រារព្ធធ្វើនៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្វាយរៀង ។
ឱកាសនោះ លោក ម៉ែន វិបុល បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។
ហើយដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ កាកបាទក្រហមកម្ពុជាក៏បានរៀបចំនិងបានអនុវត្តវិធានការមួយចំនួន ដើម្បីផ្ដល់កិច្ចអន្តរាគមន៍ជាបន្ទាន់ដល់ប្រជាជនកម្ពុជាទាំងអស់ ដែលរងនូវផលប៉ះពាល់ដល់ជីវភាពរស់នៅ ជាពិសេស គ្រួសារក្រីក្រនិងគ្រួសារទទួលរងផលប៉ះពាល់ខ្លាំងជាងគេ ។
លោកបានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសារទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះមួយរយៈពេលដ៏ខ្លីនេះមានករណីឆ្លងថ្មីទៀតដោយជំងឺដ៏កាចសាហាវមួយនេះនៅក្នុងប្រទេសយើង ។
អំណោយដែលបានផ្តល់ជូនក្នុង ១ គ្រួសារទទួលបាន៖ អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអុីវ ៦ ដប កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១) និងថវិកា មួយចំនួន ៕
ដោយ៖ យឹម សុថាន