ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់បន្ទាប់ពីគេប្រទះឃើញបុរសពោះម៉ាយម្នាក់លង់ទឹកប្រឡាយមេស្លាប់ដែលគេសង្ស័យថាអាចដោយសារជនរងគ្រោះស្រវឹងស្រាដើរទៅបត់ជើងមិនប្រយ័ត្ន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងែទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិ ព្រៃស្ទៀង ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសពោះម៉ាយខាងលើមានឈ្មោះ សេក ហាក់ (ហៅ ខៃ) អាយុ៥៨ឆ្នាំនៅភូមិព្រៃស្ទៀង ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
ប្រភពបន្តថា នៅវេលាម៉ោង៩និង៣០នាទីយប់ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំស្វាយតាយានបានទទួលព័ត៌មានពីឈ្មោះអាំ យ៉ាន អាយុ៧៦ឆ្នាំ ជាមេភូមិព្រៃស្ទៀងបានរាយការណ៍ថា មានកណីមនុស្សលង់ទឹកស្លាប់ក្នុងប្រឡាយមេ។
ក្រោយពីទទួលព័ត៌មានខាងលើនេះភ្លាមកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទ៍បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយតាយាននិងលោកគ្រូពេទ្យមណ្ឌលសុខភាពស្វាយតាយានបានចុះទៅដល់កន្លែងកើតហេតុនិងពិនិត្យសពហើយសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន ខណ:មិនមានស្លាកស្នាមសម្គាល់ជារឿងឃាតកម្មនោះទេ។
អ្នកភូមិបានឱ្យដឹងថា បុរសខាងលើនេះពោះម៉ាយដោយសារតែប្រពន្ធបានរត់ចោលយូរឆ្នាំមកហើយ គាត់រស់នៅជាមួយកូនដែលបម្រើការងារនៅរោងចក្រហើយគាត់ពិបាកចិត្តតែងតែផឹកស្រាស្រវឹងរាល់ថ្ងៃ។ នៅយប់កើតហេតុពេលកូនត្រលប់មកពីរោងចក្រវិញមិនឃើញឪពុកក៏ដើររក ស្រាប់តែប្រទះឃើញស្លាប់ក្នុងប្រឡាយទឹកមេបង្កការភ្ញាក់ផ្អើលតែម្ដង។
សពត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំពង់រោទ៍ធ្វើកំណត់ហេតុនិងប្រគល់ដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖យឹម សុថាន