អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ដែលជាមេដឹកនាំក្នុងតំបន់អឺរ៉ុបទទួលបានការគោរពស្រឡាញ់ពីមេដឹកនាំក្នុងតំបន់អឺរ៉ុបទាំងមូល ក៏ដូចជានៅជុំវិញពិភពលោក ។ លោកស្រីបានជាប់ចំណាប់ថ្នាក់លេខមួយជាច្រើនឆ្នាំជាប់ៗគ្នា ជាស្ត្រីដែលមានឥទ្ធិពលបំផុតលើពិភពលោក។
មុនពេលលោកស្រី Angela Merkel បញ្ចប់តំណែង លោកស្រីក៏បានជួបប្រមុខដឹកនាំអឺរ៉ុបដើម្បីលាគ្នាផងដែរ។ ក្នុងអំឡុងពេលនៃការបំពេញដំណើរទស្សនកិច្ចលាគ្នា លើកចុងក្រោយរបស់លោកស្រីមកកាន់ប្រទេសបារាំង ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បានផ្ដល់ មេដាយកិត្តិយសលំដាប់ថ្នាក់ខ្ពស់បំផុត «The Grand Cross of the Legion of Honour» ដល់អធិការបតីអាល្លឺម៉ង់ ដែលជាការបង្ហាញនូវការគោរពស្រឡាញ់ដល់លោកស្រី។
វិមានElysee បានប្រកាសថា ការបំពេញដំណើរទស្សនកិច្ចលាគ្នា លើកចុងក្រោយរបស់លោកស្រី Angela Merkel ទៅកាន់ទីក្រុង Beaune នៃប្រទេសបារាំងត្រូវបានធ្វើឡើងបន្ទាប់ពីការបំពេញកិច្ចការងារ ប្រកបដោយផ្លែផ្កាអស់ជាច្រើនឆ្នាំ រវាងប្រធានាធិបតីបារាំងនឹងអធិការបតីអាល្លឺម៉ង់ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបារាំង-អាល្លឺម៉ង់។
វិមានអេលីហ្សេ(Elysee) បានបន្ថែមថា មេដាយ The Grand Cross of the Legion of Honour គឺជាមេដៃកិត្តិយសថ្នាក់ខ្ពស់បំផុតដែល«តំណាងឱ្យភាពរឹងមាំនៃមិត្តភាពបារាំង-អាល្លឺម៉ង់ ដែលត្រូវបានថែរក្សាដោយលោកស្រី Angela Merkel»។ បន្ទាប់ពីការកាន់តំណែងជាអធិការបតីអាល្លឺម៉ង់អស់រយៈពេល១៦ឆ្នាំ លោកស្រី Angela Merkel បានជ្រើសរើសប្រទេសបារាំងជាកន្លែងដែលលោកស្រីទៅបំពេញដំណើរទស្សនកិច្ចលើកចុងក្រោយរបស់លោកស្រី មុនពេលចាកចេញពីតំណែងជាផ្លូវការ៕ដោយ៖ធីរីណា
រូបថត៖Agencies
រូបថត៖TTXVN