ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ប្រជុំពិនិត្យលទ្ធផលការងាររយៈពេល៩ ខែដើមឆ្នាំ ២០២១ និងលើកទិសដៅអនុវត្តការងារបន្ត

ចែករំលែក៖

  ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី ០៦ ខែវិច្ឆិកាឆ្នាំ ២០២១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងាររយៈពេល ៩ខែដើមឆ្នាំ ២០២១ និងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពលោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរីលោកសមាជិកក្រុមការងាររាជរដ្ឋា ភិបាល ចុះមូលដ្ឋានខេត្តមណ្ឌលគិរី លោក លោកស្រី អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង/ស្រុកទាំង ៥ ។ 

លោក ថង សាវុន អភិបាលខេត្តមណ្ឌល គិរី បានរាយការណ៍ជូនអង្គប្រជុំ អំពីសមិទ្ធផលនានាដែលរដ្ឋបាលខេត្តសម្រេចបានក្នុងរយ:ពេល០៩ខែ និងជម្រាបជូនពីបញ្ហាប្រឈម នៃការអនុវត្តការងារ ព្រមទាំងស្នើសុំយោបល់ពីក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តមណ្ឌលគិរី ដើម្បីផ្ដល់ជាគន្លឹះក្នុងការពង្រឹងប្រសិទ្ធភាពការងារ ដូចជាការដោះស្រាយសំណូមពរ កង្វល់ និងបញ្ហានានាជូនប្រជាពលរដ្ឋ ។

លោក បានបន្តថា តាមការកត់សម្គាល់ វេទិកា សាធារណៈជាមួយប្រជាពលរដ្ឋ បានចូលរួមយ៉ាងសកម្មក្នុងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានយ៉ាងច្រើន  ហើយក៏បានកាត់បន្ថយភាពអសកម្មមួយចំនួនរបស់អាជ្ញាធរ និង ជំនាញ ព្រមទាំងបានបំពេញនូវភាពខ្វះចន្លោះក្នុងការអនុវត្តការងារ ពិសេសសេវាសាធារណៈផងដែរ។ 

លោក ងី  ច័ន្ទ្រផល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានមានតួនាទី លើកកម្ពស់ការដឹកនាំ សម្របសម្រួល គាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ លើកកម្ពស់ការផ្ដល់សេវាសាធារណៈ ការអភិវឌ្ឍន៍មូលដ្ឋាន និង ចូលរួមដោះស្រាយ សំណើរ សំណូមពរនិងបញ្ហានានាជូនប្រជាពលរដ្ឋ ។ លោកប្រធានក៏បានបញ្ជាក់ដែរថា ក្រុមការងារនេះមិនមានសិទ្ធិសម្រេចការងារជំនួសក្រសួងស្ថាប័នជំនាញ ឬ ចាត់ចែងការងារជំនួសអាជ្ញាធរខេត្ត អាជ្ញាធរស្រុកឡើយ ។

លោក ងី ច័ន្ទ្រផល បានសំណូមពរដល់អាជ្ញាធរខេត្តអាជ្ញាធរស្រុក ត្រូវយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ តាមរយៈការពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងត្រូវត្រូវឆ្លើយតបយ៉ាង ទន់ភ្លន់រាល់សំណូមពរ សំណើរ និង កង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីបង្កើនទំនុកចិត្តនិងពេញចិត្តរបស់ប្រជាពលរដ្ឋមកលើអាជ្ញាធរ ។ ម្យ៉ាងទៀត អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចជំនាញ ត្រូវបំពេញភារកិច្ច តួនាទី របស់ខ្លួនប្រកបដោយតម្លាភាព ត្រឹមត្រូវ ពិសេសមិនត្រូវយកតួនាទីរបស់ខ្លួនប្រព្រឹត្តបទល្មើស ឬ ស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសបុគ្គលនិងអង្គភាពឡើយ ។

ក្រៅពីនេះ លោកក៏បានលើកឡើងពីការងារកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលបានកាន់កាប់ជាក់ស្តែង ដែលក្រុមការងារអន្តរក្រសួងបានចុះកាត់ឆ្វៀលជូនប្រជាពលរដ្ឋបានមួយចំនួនរួចហើយ តែដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ការចុះកាត់ឆ្វៀលដីនេះ បានពន្យារពេលរហូតដល់សព្វថ្ងៃ ។ ក្រោយពីការប្រកាសបើកប្រទេសឡើងវិញ ក្រុមការងារកាត់ឆ្វៀលដី នឹងបន្តការងារចុះកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋក្នុងពេលឆាប់ៗខាងមុខនេះ ។

ទោះបីជាយ៉ាងនេះក្ដី លោកប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តមណ្ឌលគិរី បានជំរុញអោយអាជ្ញាធរ  និងសមត្ថកិច្ចជំនាញ ត្រូវអនុវត្តច្បាប់អោយបានតឹងរឹងចំពោះជនខិលខូច ដែលបានទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់ បង្កភាពចលាចល និងភាពអនាធិបតេយ្យក្នុងខេត្តមណ្ឌលគិរី ៕

ដោយ៖ សូរិយា


ចែករំលែក៖