ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យតៃកុងស្រវឹងស្រា​ បេីករថយន្តពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់​ ឯរថយន្តដាច់កាឡេកង់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់សង្ស័យស្រវឹងស្រា​ បានបេីករថយន្តហាយឡេនឌ័រមួយគ្រឿងទៅពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់​ រីឯរថយន្តដាច់កាឡេកង់មុខមួយចំហៀងទៅមុខលែងរួច​ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩យប់​ ថ្ងៃទី៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ នៅតាមបណ្ដោយផ្លូវជាតិលេខ២​ ក្នុងសង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ 

    យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបង្ហេីបឲ្យដឹងថា​ មុនដំបូងគេឃេីញរថយន្តម៉ាក​ Toyota ហាយឡេនឌ័រ​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ​ 2AO-2074 បេីកបរដោយបុរសម្នាក់ទំនងស្រវឹងស្រា​ ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២​ ទិសដៅពីត្បូងមកជេីងក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកេីតហេតុ​ក៏រេចង្កូតមកឆ្វេងដៃបន្តិចជ្រុលទៅបុករបាំងថ្ម​​ ពុះចែកទ្រូងផ្លូវពេញទំហឹង​ បណ្ដាលឲ្យរបាំងថ្មបាក់ទៅកណ្ដាលផ្លូវម្ខាងទៀតចំនួន១កង់​ រីឯរថយន្តបង្កបានដាច់កាឡេកង់មុខចំហៀងខាងឆ្វេងទៅមុខលែងរួច​ ។ 

    ពាក់ព័ន្ធ​ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ​ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ​ ។ ដោយសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយទាក់ទងទៅផ្នែកជំនាញចរាចរណ៍ឲ្យធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយតាមច្បាប់​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖