ចាប់ពីថ្ងៃទី៨ខែវិច្ឆិកាទៅ រដ្ឋាភិបាលអាមេរិកបានសម្រេចលុបច្បាប់រឹតត្បិតការធ្វើដំណើរតាមផ្លូវគោកនិងផ្លូវអាកាសក្រោយរយៈពេលជាង២០ខែបានបិទព្រំដែនដោយសារតែកូវីដ-១៩ ។ ក្នុងពេលនេះគ្រួសារដែលបែកបាក់បានជួបជុំគ្នាវិញហើយ។
នៅលើស្ពាន Rainbow ព្រំដែនអាមេរិក-កាណាដា បានបញ្ចប់ការរឹតត្បិតដោយបើកដំណើរការឡើងវិញ តាំងពីព្រឹកព្រលឹមថ្ងៃទី ៨ខែវិច្ឆិកា(ពេលវេលាអាមេរិក)។ ពលរដ្ឋជាច្រើនបានបានតម្រង់ជួរគ្នាដើម្បីរង់ចាំដល់វេនខ្លួនឆ្លងដែនចូលក្នុងទឹកដីអាមេរិកដើម្បីជួបជុំគ្រួសារ។
បើទោះបីអាមេរិកបានបន្ថយការរឹតត្បិតក្តី ប៉ុន្តែករណីឆ្លងកូវីដ-១៩នៅក្នុងទឹកដីអាមេរិកនៅមានខ្ពស់ដដែល។នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៥០,៨០៩នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ៤៥២នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឱ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៧,៤៣៨,៩៦៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៧៦,៣៩៧នាក់ និងជាសះស្បើយឡើងសរុប ៣៧.៥លាននាក់។ សម្រាប់ចំនួនប្រជាជនសរុបដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
គិតត្រឹមថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤៣១លានដូស ក្នុងនោះប្រជាជន ២២៣.៦៣លាននាក់ (៦៧.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់១ដូស និង ១៩២.៤លាននាក់ (៥៨.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ដោយ៖ធីរីណា
រូបថត៖Reuters