ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មេីរជេីងលេខ៥១ បានលើកឡើងថា យោធិនគ្រប់លំដាប់ថ្នាក់ នៅក្នុងអង្គភាពវរសេនាតូចថ្មេីរជេីងលេខ៥១៣ ត្រូវតែអនុវត្តឲ្យបានម៉ឺងម៉ាត់នូវតួនាទី និងភារកិច្ចដែលអង្គភាពទទួលខុសត្រូវ រក្សាឲ្យបានដាច់ខាតសាមគ្គីភាពផ្ទៃក្នុង ខិតខំប្រឹងប្រែងរួមគ្នាកសាងអង្គភាព ឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។
ការលើកឡើងរបស់ ឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍គ្រប់ផ្នែកជំនាញ នៅក្នុងអង្គភាព វរសេនាតូចថ្មេីរជេីងលេខ៥១៣ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីផ្ទេរប្រគល់ឲ្យទៅ លោកមេបញ្ជាការថ្មី គ្រប់គ្រងបន្ត ក្រោមអធិបតីភាព លោកមេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មេីរជេីងលេខ៥១ ព្រមទាំង នាយ នាយរង មកពីបណ្តាការិយាល័យជំនាញពាក់ព័ន្ធទាំងអស់។
មេបញ្ជាការរង នាយសេនាធិការ កងពលបានបញ្ជាក់ថា៖ មិនថាយោធិនមានឋានន្តរសក្តិថ្នាក់ណានោះទេ បើធ្វើឲ្យខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិរបស់រដ្ឋរួមនៅក្នុងអង្គភាព គឺត្រូវតែទទួលខុសត្រូវដោយខ្លួនឯងដោយមិនលើកលែង។ ព្រោះការត្រួតពិនិត្យរបាយការណ៍មិនមែនត្រឹមតែថ្នាក់វរសេនាតូច ឬកងពលនោះទេ គឺមានការពិនិត្យឯកភាពតាំងពីក្រោមរហូតដល់ទៅថ្នាក់លើ ចំពោះរបាយការណ៍គ្រប់គ្រងលើសម្ភារគ្រប់ប្រភេទ យើងបានឯកភាពរួចរាល់អស់ហើយដែរ ក្រោមការឯកភាព និងសម្រចពីថ្នាក់កងពល។
ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា ក៏បានសំណូមពរដល់មេបញ្ជាការគ្រប់កងឯកភាព និងស្ថាប័នចំណុះឲ្យបន្តកិច្ចខិតខំប្រឹងប្រែង ដោយប្រកាន់យកការសម្រេចចិត្តច្បាស់លាស់ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ជាមួយនឹងការគិតគូរពិចារណាគ្រប់ជ្រុងជ្រោយ ក្នុងការបំពេញតួនាទី និងភារកិច្ចឲ្យបានល្អ តាមបទបញ្ជា និងតាមការណែនាំដែលថ្នាក់លើបានប្រគល់ជូន ក្នុងនាមកងយោធពលខេមរភូមិន្ទ៕
ដោយ៖ សូរិយា