ទីក្រុង Shenyang ប្រទេសចិន បានរឹតបន្តឹងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ដោយរដ្ឋាភិបាលទីក្រុងនេះស្នើដល់ជនបរទេសត្រូវតែធ្វើចត្តាឡីស័ករហូតដល់ទៅ៥៦ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លង។
សារព័ត៌មាន New York Times បានផ្សាយថា ជនបរទេសដែលចូលទៅកាន់ទីក្រុង Shenyang ប្រទេសចិន ត្រូវធ្វើចត្តាឡីស័ករយៈពេល២៨ថ្ងៃក្នុងសណ្ឋាគារដែលបានកំណត់ ដោយឆ្លងកាត់ការធ្វើតេស្តដល់ទៅ៧លើក។
ក្នុងរយៈពេលធ្វើចត្តាឡីស័កនៅសណ្ឋាគារគឺមានភាពតឹងតែងយ៉ាងខ្លាំង ដោយមិនអនុញ្ញាតឱ្យបើកទ្វារបន្ទប់ឬបង្អួចនោះឡើយ។ ក្រោយការបញ្ចប់ធ្វើចត្តាឡីស័កនៅសណ្ឋាគារ២៨ថ្ងៃ គឺត្រូវតែបន្តធ្វើចត្តាឡីស័កនៅក្នុងផ្ទះ២៨ថ្ងៃទៀតទើបអនុញ្ញាតឲ្យចេញក្រៅ។
វិធានការរឹតត្បិត ក៏បានអនុវត្តចំពោះអ្នកដំណើរនៅក្នុងស្រុកផងដែរ ។ ពលរដ្ឋមកពីទីក្រុងផ្សេងចូលមកកាន់ទីក្រុង Shenyang គឺត្រូវតែធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារដើម្បីតាមដានរយៈពេល២សប្តាហ៍ផងដែរ។
ច្បាប់ធ្វើចត្តាឡីស័កតឹងតែងត្រូវបានមន្ត្រីទីក្រុង Shenyang អនុវត្តរយៈពេលជាង១ខែកន្លងមកដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ប្រភេទដែលតា។ ក្នុងពេលនេះដែរ ក្រោយពេលចិនចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង ៧៥%ហើយនោះ ក៏បានចាប់ផ្តើមបន្តចាក់ដូសទីបី ដើម្បីបង្កើនប្រសិទ្ធភាពវ៉ាក់សាំង ក្នុងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ៕ ដោយ៖ធីរីណា
រូបថត៖AFP