ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឱ្យអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកសាងរោងចក្រផលិតទឹកស្អាតថ្មីមួយកន្លែងទៀត នៅសណ្តរស្ទឹងព្រែកត្នោតភាគខាងលិចរាជធានីភ្នំពេញ ដោយយកទឹកពីស្ទឹងព្រែកត្នោតមកផលិតជាទឹកស្អាត ដើម្បីចែកជូនទៅប្រជាពលរដ្ឋ ចំនួន៣ខណ្ឌនៅជាយរាជធានីភ្នំពេញ ខណៈ ការផ្តល់ទឹកស្អាតនៅក្នុងរាជធានីភ្នំពេញមិនទាន់គ្រប់គ្រាន់នៅឡើយនោះ។
ការស្នើបែបនេះរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងនារសៀលថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២១នេះខណៈដែលលោក អនុញ្ញាតឱ្យលោកឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចូលជួបសម្តែងការគួរសមនិងជម្រាបរាយការណ៍ជូនពីបច្ចុប្បន្នភាពការងារនៃការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោកឃួង ស្រេងបានមានប្រសាសន៍ថា លោកមិនមែនជាជំនាញពាក់ព័ន្ធនឹងការងារផលិតទឹកស្អាតនោះទេ ប៉ុន្តែអ្វីដែលលោកមើលឃើញនោះគឺលោកចង់ឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបង្កើតរោងចក្រផលិតទឹកស្អាតមួយថ្មីទៀត នៅសណ្តរស្ទឹងព្រែកត្នោត ពោលគឺយកទឹកពីស្ទឹងព្រែកត្នោតមកផលិតជាទឹកស្អាត ដើម្បីផ្គត់ផ្គង់ទឹកស្អាតទៅឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌ៣នាជាយក្រុង ក្នុងនោះមានខណ្ឌកំបូល ខណ្ឌ ខណ្ឌដង្កោនិងខណ្ឌពោធិ៍សែនជ័យ។ ការងារនេះលោកឃួង ស្រេង ស្នើឱ្យខាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញសហការជាមួយនឹងក្រសួងធនធានទឹកដើម្បីសិក្សា។
ក្នុងឱកាសនោះដែរ លោកឃួង ស្រេងក៏បានណែនាំដល់មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ពិសេសលោកនួន ផារ័ត្ន អភិបាលរងរាជធានី ត្រូវណែនាំអាជ្ញាធរមូលដ្ឋានចុះត្រួតពិនិត្យពីការយកតម្លៃទឹកស្អាតពីបងប្អូនកម្មករ កម្មការិនីនៅតាមផ្ទះជួល ដោយលោកស្នើឱ្យអាជ្ញាធរធ្វើយ៉ាងណាសម្របសម្រួលជាមួយម្ចាស់ផ្ទះជួល ដើម្បីកុំឱ្យពួកគាត់យកតម្លៃទឹកស្អាតថ្លៃហួសហេតុពេក គឺត្រឹមតែយកតម្លៃផ្ទះជួលបានហើយ កុំយកចំណេញពីទឹកប្រើប្រាស់ថែមទៀត។
លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា មានកម្មករកម្មការិនីរោងចក្រប្រមាណជាង៦០ម៉ឺននាក់បាននិងកំពុងបំពេញការងារនៅតាមបណ្តារោងចក្រនានានៅក្នុងរាជធានីភ្នំពេញ ហើយពួកគាត់ភាគច្រើនមកជួលផ្ទះគេស្នាក់នៅ ។ ក្នុងនាមជាអាជ្ញាធរយើងត្រូវគិតពីសុខទុក្ខរបស់ពួកគាត់។
ពាក់ព័ន្ធទៅនឹងការជីកកកាយទ្រូងផ្លូវដើម្បីដាក់បំពង់ទុយយោទឹកស្អាត លោកឃួង ស្រេង ក៏បានជំរុញឱ្យជំនាញពាក់ព័ន្ធមានរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញត្រូវធ្វើការជួសជុលឡើងវិញឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដែលអាចទទួលយកបាន ក្រោយពីការជីកដាក់បំពង់ទុយយោទឹកស្អាតរួចរាល់ ។
ក្រោយជំនួបនោះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានទទួលអំណោយពីអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនេះផងដែរ ដើម្បីយកទៅឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋនិងវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ ដោយក្នុងនោះរដ្ឋាករស្វយ័តបានឧបត្ដមមករដ្ឋបាលរាជធានីភ្នំពេញ នូវអង្ករចំនួន២០តោន អាល់កុល២០កាននិងម៉ាស់ចំនួន២០០០០ម៉ាស់៕
ដោយ ៖ សំរិត