ព័ត៌មានទាន់ហេតុការណ៍៖

ហុងដាឌ្រីមសេ១២៥ខាំគ្នាជាមួយហុងដាស្គូពីរងរបួសធ្ងន់ម្នាក់និងស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តតាកែវ ៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ខណៈដែលគាត់បានជិះម៉ូតូមួយគ្រឿងទៅបុកម៉ូតូមួយគ្រឿងទៀតចំពីចំហៀងយ៉ាងពេញទំហឹងក្នុងទិសដៅផ្ទុយគ្នា ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃពុធ​ ១៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៤និង៤០នាទី ស្ថិតនៅលើផ្លូវជាតិលេខ៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ​ ៩៣-៩៤ ក្នុងភូមិត្រពាំងកែស ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ 

សមត្ថកិច្ចបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូនឹងម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នា។

ដោយមានម៉ូតូមួយគ្រឿង​ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ​ កណ្តាល​ 1AE-5938 បើកបរដោយឈ្មោះ​ ម៉ុន ម៉េងលាប ភេទប្រុស​ អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ នៅភូមិព្រៃឈើនាង ឃុំបានៀវ ស្រុកឈូក ខេត្តកំពត បានស្លាប់នៅនឹងកន្លែងកើតហេតុ  ដែលបើកបរមកពីទិសខាងលិច លុះបើកមកដល់ចំណុចខាងលើក៏បានបុកគ្នាជាមួយម៉ូតូមួយគ្រឿងទៀតចំពីចំហៀងខាងឆ្វេងពេញមួយទំហឹង​ ដែលម៉ូតូនោះម៉ាកហុងដាស្គូពី ពណ៌ស ពាក់ស្លាកលេខ​ ភ្នំពេញ​ 1HG-7209 បើកបរដោយឈ្មោះ សំ​ ដារ៉ូ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមន្ត្រីរាជការ នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានរងរបួសធ្ងន់ ដែលបើកបរមកពីទិសខាងកើត។ អ្នករបួសត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ។ 

សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងទៀតថាមូលហេតុបណ្តាលមកពីម៉ូតូហុងដាឌ្រីមបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់។ ក្រោយកើតហេតុកម្លាំងជំនាញនគរបាលបានយកម៉ូតូទាំងពីរគ្រឿងខាងលើដែលរងការខូចខាតធ្ងន់មករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រាំកក់ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី  ៕

ដោយ៖ ស សម

 


ចែករំលែក៖