ខេត្តតាកែវ ៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ខណៈដែលគាត់បានជិះម៉ូតូមួយគ្រឿងទៅបុកម៉ូតូមួយគ្រឿងទៀតចំពីចំហៀងយ៉ាងពេញទំហឹងក្នុងទិសដៅផ្ទុយគ្នា ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៤និង៤០នាទី ស្ថិតនៅលើផ្លូវជាតិលេខ៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៩៣-៩៤ ក្នុងភូមិត្រពាំងកែស ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។
សមត្ថកិច្ចបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូនឹងម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នា។
ដោយមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AE-5938 បើកបរដោយឈ្មោះ ម៉ុន ម៉េងលាប ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ នៅភូមិព្រៃឈើនាង ឃុំបានៀវ ស្រុកឈូក ខេត្តកំពត បានស្លាប់នៅនឹងកន្លែងកើតហេតុ ដែលបើកបរមកពីទិសខាងលិច លុះបើកមកដល់ចំណុចខាងលើក៏បានបុកគ្នាជាមួយម៉ូតូមួយគ្រឿងទៀតចំពីចំហៀងខាងឆ្វេងពេញមួយទំហឹង ដែលម៉ូតូនោះម៉ាកហុងដាស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HG-7209 បើកបរដោយឈ្មោះ សំ ដារ៉ូ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមន្ត្រីរាជការ នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានរងរបួសធ្ងន់ ដែលបើកបរមកពីទិសខាងកើត។ អ្នករបួសត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ។
សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងទៀតថាមូលហេតុបណ្តាលមកពីម៉ូតូហុងដាឌ្រីមបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់។ ក្រោយកើតហេតុកម្លាំងជំនាញនគរបាលបានយកម៉ូតូទាំងពីរគ្រឿងខាងលើដែលរងការខូចខាតធ្ងន់មករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រាំកក់ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី ៕
ដោយ៖ ស សម