ពលរដ្ឋរាប់ពាន់នាក់នៅក្នុងប្រទេសតំបន់អឺរ៉ុបបាននាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងការបិទប្រទេស ការរឹតត្បិត និងការចាក់វ៉ាក់សាំងដោយបង្ខំ។
ពលរដ្ឋរាប់ពាន់នាក់នៅទីក្រុង Vienna ប្រទេសអូទ្រីស នៅថ្ងៃទី ២០ខែវិច្ឆិកា បាននាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងនឹងការរឹតត្បិត ក៏ដូចជាការចាក់វ៉ាក់សាំងដោយបង្ខំ ដែលប្រទេសនេះគ្រោងអនុវត្ត។
កម្លាំងប៉ូលិសអូទ្រីសបានបញ្ជាក់ថា មានមនុស្ស៣៥ពាន់នាក់បានចូលរួមដង្ហែក្បួនបាតុកម្មនៅក្នុងរដ្ឋធានីនៃប្រទេសអូទ្រីស ។ កម្លាំងសន្តិសុខក៏បានចាប់ខ្លួនមនុស្សជាច្រើនផងដែរដែលបានបំពានច្បាប់ទប់ស្កាត់កូវីដ-១៩ ពេលចូលរួមបាតុកម្ម និងលើកស្លាកបដាដែលបានការហាមប្រាម។
ការធ្វើបាតុកម្មកើតឡើងក្រោយពេលដែលប្រទេសអូទ្រីស មានគម្រោងចាប់ផ្តើមបិទប្រទេសលើកទីបីក្នុងរយៈពេល១០ ថ្ងៃ ។ តាមគម្រោង ការចាក់វ៉ាក់សាំង ដោយបង្ខំទៅលើពលរដ្ឋទាំងអស់ចាប់ពីថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២២ ។
ប្រទេសអូទ្រីសកំពុងតែឆ្លងកាត់ដំណាក់កាលនៃការឆ្លងរាលដាលកូវីដ-១៩ ទ្រង់ទ្រាយធំ ។ ចំណែកការចាក់វ៉ាក់សាំងនៅក្នុងប្រទេសនេះ ទើបតែបាន៦៦%ប៉ុណ្ណោះគឺចាក់គ្រប់ចំនួនពីរដូស គឺជាចំនួនទាបបំផុតនៅក្នុងតំបន់អឺរ៉ុប។
ក្រៅពីប្រទសអូទ្រីស នៅក្នុងប្រទេសហុល្លង់ ក៏មានបាតុកម្ម កើតឡើងផងដែរ នៅថ្ងៃទី២០ ខែវិច្ឆិកា ប្រឆាំងវិធានការរឹតត្បិត ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩។ ក្រុមបាតុករ៥១នាក់ត្រូវបានចាប់ខ្លួនផងដែរ និងមនុស្ស៤នាក់រងរបួស ក្នុងការប៉ះទង្គិចគ្នាជាមួយកម្លាំងសន្តិសុខ៕ ដោយ៖ធីរីណា
រូបថត៖Sky News